យោងតាមលិខិតក្រុមមេធាវី អន្តរជាតិ ខេ ធី អិល ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងដោយមេធាវី ឈុន ច័ន្ទតារា បានជូនដំណឹងទៅកាន់លោក យិន ហេង ហៅ ចំប៉ីខ្មៅ ឱ្យសូមទោសកូនក្តីរបស់ខ្លួនជាសាធារណៈឈ្មោះ «តេង ស៊ីណាត» ដែលមហាជនស្គាល់ថាអាជី និងលុបវីដេអូដែលបានបង្ហោះជាបន្ទាន់ក្នុងរយៈពេល៤៨ម៉ោង មិនដូច្នេះទេនឹងមានវិធានការតាមផ្លូវច្បាប់។
ក្នុងលិខិតនោះបានបញ្ជាក់ថាលោក យិន ហេង ហៅ ចំប៉ីខៅ្ម មានទីលំនៅបច្ចុប្បន្នស្ថិតនៅ ផ្ទះលេខ M35 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាម្ចាស់គណនីហ្វេសប៊ុក (Facebook page) ឈ្មោះ Yin Heng ចំប៉ីខ្មៅ សូមធ្វើការលុបនូវវីដេអូដែលបានបង្ហោះកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងធ្វើការ សុំទោសកូនក្តីរបស់ខ្លួនឈ្មោះ តេង ស៊ីណាត ជាសាធារណៈតាមរយៈគណនីហ្វេសប៊ុក (Facebook page) របស់ លោក ឈ្មោះ Yin Heng ចំប៉ីខ្មៅ ក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីទទួលបានការជូនដំណឹងនេះ ។
មូលហេតុដែលឈានដល់ចំណុចនេះ មេធាវី ឈុន ច័ន្ទតារា បានឱ្យដឹងថាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំប៉ីខ្មៅ បានធ្វើការបង្ហោះនូវវីដេអូក្នុងគណនីហ្វេសប៊ុក (Facebook page) ឈ្មោះ Yin Heng ចំប៉ីខ្មៅ ដោយក្នុងការបង្ហោះនេះបានយកនូវខ្សែអាត់សម្លេងរបស់កូនក្តីលោកមកធ្វើ ការបង្ហោះបកស្រាយដោយគ្មានការអនុញ្ញាតិពីកូនក្ដីរបស់លោកឡើយ ហើយការបង្ហោះបកស្រាយរបស់ លោក យិន ហេង នេះធ្វើឱ្យមហាជនជាច្រើនមានការយល់ច្រឡំ ដែលនាំឱ្យប៉ះពាល់កិត្តិយសសេចក្តីថ្នូររបស់កូនក្តីលោកយ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើឱ្យមានការរើសអើងពីសំណាក់មហាជនជាច្រើន ហើយថែមទាំងមានការប៉ះ ពាល់ដល់ការប្រកបអាជីវម្មរបស់កូនក្ដីរបស់លោកទៀតផង។
លិខិតដដែលបានបញ្ជាក់ទៀតថាដោយឃើញដូចនេះបន្ទាប់ពី ចំប៉ីខ្មៅ បានបង្ហោះជាសាធារណៈតាមរយៈគណនីហ្វេសប៊ុករួច អាជី បានធ្វើការទំនាក់ទំនងតាមឆាតទៅតាមរយៈ (Facebook page) របស់ចំប៉ីខ្មៅដើម្បីឱ្យចេញនូវវីដេអូបកស្រាយកែតម្រូវអោយបានត្រឹមត្រូវឡើងវិញដែលទាក់ទងនឹងការបង្ហោះនោះ ហើយ ចំប៉ីខ្មៅក៏បានឆ្លើយឯកភាព ជាមួយអាជី តែបន្ទាប់ពីបានឆ្លើយឯកភាពរួច ចំប៉ីខ្មៅមិនព្រមធ្វើតាមការសន្យាឡើយ។
មេធាវី បានឱ្យ ចំប៉ីខ្មៅ ធ្វើការលុបនូវវីដេអូដែលបានបង្ហោះកាល ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងធ្វើការសុំទោសកូនក្ដីរបស់ខ្លួនឈ្មោះ តេង ស៊ីណាត ជាសាធារណៈតាម រយៈគណនីហ្វេសប៊ុក (Facebook page) របស់ លោក ឈ្មោះ Yin Heng ចំប៉ីខ្មៅ ក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពី លោក ទទួលបានការជូនដំណឹងនេះ ជាកំហិត ។ ក្នុងករណី ចំប៉ីខ្មៅ ពុំធ្វើការលុបនូវវីដេអូដែល បានបង្ហោះ និងធ្វើការសុំទោសកូនក្តីរបស់ខ្លួនទេ នោះកូនក្តីរបស់ខ្លួននឹងស្នើសុំឱ្យមានវិធានការតាមច្បាប់៕










