កាលពីពេលថ្មីៗ មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ និងមានមតិជជែងវែកញែកជាច្រើន តាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក។ តាមរយៈវីដេអូ គេបានឃើញថាព្រះសង្ឈខ្មែរមួយអង្គកំពុងតែស្រោចទឹកឲ្យពុទ្ធបរិស័ទ ខណៈបានយកក្អមវាយក្បាលម្នាក់មួយក្អមដើម្បីបណ្តេញគ្រោះចង្រៃ។
ជាការពិតណាស់ ការស្រោចទឹក គឺជាអបីយជំនឿខ្មែរយើង ដែលតែងតែនិយមធ្វើតៗគ្នាដើម្បីលើករាសី បណ្តេញគ្រោះចង្រៃ និងជួយឲ្យរកស៊ីមានបានជាដើម។ ពិធីក្នុងការស្រោចទឹក តែងតែមានរបៀបខុសៗគ្នាពីមួយតំបន់ទៅមួយតំបន់ ដូចជាការសូត្រមន្តហើយស្រោចទឹកតាមរបៀបទូទៅ ឬស្រោចទឹកជាមួយនឹងក្អមហើយបោកក្អមនោះទៅនឹងដី ដើម្បីបំផ្លាញគ្រោះអាក្រក់អ្វីបែបនិង។
ប៉ុន្តែជាក់ស្តែង កាលពីពេលថ្មីៗ តាមរយៈវីដេអូនៅលើបណ្តាញសង្គមបានបង្ហោះឲ្យឃើញពីសកម្មភាពរបស់ព្រះសង្ឃខ្មែរមួយអង្គ តាមការបញ្ជាក់បានឲ្យដឹងថា លោកគង់នៅវត្តជន្លង់ម្លូ ខណៈវីដេអូនោះបានបង្ហាញថាលោកកំពុងស្រោចទឹករំដោះគ្រោះឲ្យញាតិញោមតាមធម្មតា។ ក្នុងនោះផងដែរ គឺគេសង្កេតឃើញថា លោកកំពុងតែសូត្រមន្តគាថ៌ាអ្វីម៉្យាង ព្រមទាំងក្នុងដៃមានកាន់នូវធូប៣សរសៃ និងក្អមសម្រាប់ដួសទឹកមន្ត។ រំពេញនោះ ស្រាប់តែយកក្អមនៅនឹងដៃវាយក្បាលញាតិញោមមួយទំហឹងផងដែរ ដើម្បីជាកិច្ចបញ្ចប់ពិធី ក៏ដូចជាបណ្តេញគ្រោះចង្រៃឲ្យរសាត់ភ្លាមៗ។ ក្រឡេកមកមើលញាតិញោមវិញ បន្ទាប់ពីត្រូវក្បាលម្នាក់១ក្អមហើយ លាន់មាត់ថា «អូយ» គ្រប់គ្នា មិនដឹងថាក្នុងចិត្តជះថ្លាប៉ុណ្ណាទេ។ រីឯ លោកបងវិញ បន្ទាប់ពីវាយក្បាលនឹងក្អមហើយ ញញឹមបិទមាត់មិនជិតតែម្តង ទំនងជាអស់សំណើចក៏មិនដឹង។
យ៉ាងណាមិញ បន្ទាប់ពីវីដេអូនោះបានចែកចាយហើយ គេឃើញថាមានមតិជាច្រើនបានលើកឡើង អ្នកខ្លះថា «ចុម!លោកបងលេងធ្ងន់ដៃហើយ»។ អ្នកខ្លះថា «សីលដល់កំពូលហើយ» ។ អ្នកខ្លះទៀតថា «ស្រោចទឹករួចទៅអោយពេទ្យផងអ្នកអើយ»។ អ្នកខ្លះថា«ត្រូវខាងក្រោយផង ប្រយ័ត្នកើតជំងឺសរសៃប្រសាទ»។ អ្នកខ្លះទៀតថា «ពូកែប៉ុណ្ណាក៏មិនទៅក្បែរដែរ បើស្រោចទឹកធ្វើបែបហ្នឹង។ខ្ញុំឃើញលោកដែលខ្លាំងៗមិនមែនស្រោចទឹកបែបនេះទេ។ នេះហើយអ្នកដែលជឿចេះតែជឿ តែខ្ញុំវិញអត់ជឿសោះ។ ខ្ញុំមិនចូលចិត្តបែបនេះ»។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈវីដេអូមួយនេះ សូមអំពាវនាយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ កុំងប់ងល់នឹងអបីយជំនឿជ្រុលហួសហេតុពេក កុំឲ្យគេថាជំនឿខ្វះការពិចារណា ព្រោះវាអាចនាំមកនូវវិប្បដិសេរីនៅថ្ងៃក្រោយផងដែរ៕