ប្រទេសម៉ិកស៊ិក ៖ វាជាថ្ងៃដ៏សែនរីករាយ និងស្រស់ស្អាត ខណៈអាកាសធាតុក្តៅធ្វើឱ្យយើងអាចបង្ហោះបាឡុងឡើងទៅលើអាកាសបាន ។ ចំណែកខ្យល់វិញក៏ល្អដែរ ហើយធ្វើឱ្យយើងមានទំនុកចិត្តថា មានសុវត្ថិភាពសម្រាប់ពិធីបុណ្យនេះ ។
នេះជាការលើកឡើងរបស់អ្នកបញ្ជាបាឡុងហោះមកពីប្រទេសប្រេស៊ីល ពាក់ព័ន្ធនឹងការបង្ហោះបាឡុងទៅលើអាកាសនៅក្នុងពិធីបុណ្យបាឡុងអន្តរជាតិ លើកទី២១ ដែលរៀបចំឡើងនៅទីក្រុងឡេអន រដ្ឋក្វាណាវ៉ាតូ ប្រទេសម៉ិកស៊ិក ។
នៅក្នុងពិធីបុណ្យនេះ គេសង្កេតឃើញមានបាឡុងច្រើនទំហំ និងច្រើនម៉ូដខុសៗគ្នា ក្នុងនោះមានទាំងបាឡុងរូបតុក្កតាល្បីៗ ដូចជា តុក្កតាសាផាន់ប៉ុប, ដាយណូសឺ, យូនីខន និងដំរី ជាដើម ។
ពិធីបុណ្យបង្ហោះបាឡុងអន្តរជាតិនេះ ត្រូវបានគេរៀបចំឡើងរយៈពេល៤ថ្ងៃ ។ ចំណែកប្រទេសមកចូលរួមបង្ហោះបាឡុងក្នុងពិធីបុណ្យ មានចំនួន២៣ប្រទេស និងមានបាឡុងសរុបជាង២០០បាឡុង ។ ការរៀបចំពិធីនេះឡើង ក្នុងគោលបំណងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទទួលយកបទពិសោធន៍អង្គុយនៅលើបាឡុងហោះ និងសប្បាយរីករាយ ។ ភ្ញៀវទេសចរនិយាយថា វាពិតជាប្លែកណាស់ ហើយពួកគេចង់មកចូលរួមក្នុងពិធីបុណ្យនេះជាថ្មីទៀត ។
លោក ជេវៀ អាមិរ៉េ អ្នករៀបចំកម្មវិធីបង្ហោះបាឡុងនិយាយថា ៖ «ខ្ញុំធ្លាប់បានទៅចូលរួមក្នុងពិធីបុណ្យបង្ហោះបាឡុងនៅទីក្រុងអាល់ប៊ូឃ័រី រដ្ឋញូវម៉ិកស៊ិកូ សហរដ្ឋអាមេរិក និងនៅកន្លែងផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែវាមិនសប្បាយដូចនៅទីនេះទេ» ។
លោក ជេវៀ អាមិរ៉េ បន្តទៀតថា ៖ «ពិធីបុណ្យបង្ហោះបាឡុងពិតជាសមរម្យណាស់សម្រាប់ពលរដ្ឋម៉ិកស៊ិកដូចជាពួកយើង ។ ហេតុនេះ ទើបធ្វើឱ្យភ្ញៀវទេសចរមកពីប្រទេសនានាលើពិភពលោក ស្រឡាញ់ពិធីបុណ្យនេះ ។ ខ្ញុំគិតថា នេះជាអ្វីដែលធ្វើឱ្យពិធីបុណ្យបង្ហោះបាឡុងនៅប្រទេសម៉ិកស៊ិកមានភាពល្បីល្បាញ និងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅម៉ិកស៊ិកផងដែរ» ៕ ប្រភព ៖ TNN World