ប្រទេសថៃ ៖ កាលពីខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលថៃបានចេញគោលនយោបាយថ្មី ដើម្បីជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តអគ្គិសនី (EV) ដោយដាក់គោលដៅថា នឹងផ្លាស់ប្តូរការផលិតរថយន្តជាងពាក់កណ្តាលនៅប្រទេសថៃ មកផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០៣០ ។
តាមការស្រាវជ្រាវរបស់ Counterpoint Research បង្ហាញថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមានឥទ្ធិពលលើទីផ្សាររថយន្តអគ្គិសនីនៅតំបន់អាស៊ីអាគ្នេយ៍ខ្លាំងបំផុត ។ ចំណែកប្រទេសថៃបានកាន់កាប់ចំណែកទីផ្សារជិតស្មើ៧៩% នៃចំនួនរថយន្តអគ្គិសនីទាំងអស់ដែលបានលក់នៅតំបន់អាស៊ីអាគ្នេយ៍ នៅត្រីមាសដំបូងនៃឆ្នាំ២០២៣ ។
បើទោះជាទីផ្សាររថយន្តអគ្គិសនីរបស់ថៃមានទំហំធំបំផុតក្នុងតំបន់ក្តី ក៏នៅតែមានការប្រកួតប្រជែងទៅលើម៉ាករថយន្តណាអាចលក់ដាច់ច្រើនបំផុតនៅប្រទេសថៃ ។ បច្ចុប្បន្ន ម៉ាករថយន្តអគ្គិសនីលក់ដាច់បំផុតនៅថៃ គឺរថយន្ត BYD របស់ចិន ។ ប៉ុន្តែម៉ាករថយន្តរបស់ចិនផ្សេងទៀត ក៏ចាប់ផ្តើមទទួលបានការពេញនិយមដូចគ្នាដែរ ។
ក្រៅពីនេះ ក្រុមហ៊ុនផលិតរថយន្តសង្ឃឹមថា ម៉ាករថយន្តអគ្គិសនីមួយទៀតនឹងទទួលបានការពេញនិយមនៅថៃផងដែរ គឺរថយន្ត TOYOTA របស់ជប៉ុន ខណៈរថយន្ត TOYOTA ត្រូវបានគេប្រើប្រាស់ជាទូទៅនៅថៃស្រាប់ហើយ ជាពិសេស រថយន្តតូច និងរថយន្ត១បាំងកន្លះ ។
ក្នុងឋានៈជាមជ្ឈមណ្ឌលដ៏ធំបំផុតស្ថិតក្នុងចំណាត់ថ្នាក់ទី១០ នៅលើពិភពលោក គេបានស្គាល់ថា ថៃជាប្រទេសនាំចេញរថយន្ត TOYOTA និង Honda ប៉ុន្តែដើម្បីផ្លាស់ប្តូរការផលិតរថយន្ត១ ក្នុងចំណោម៣ នៃការផលិតរថយន្តប្រចាំឆ្នាំ ស្មើនឹង២លាន៥សែនគ្រឿងឱ្យក្លាយជារថយន្តអគ្គិសនីនៅឆ្នាំ២០៣០ គឺប្រព័ន្ធអេកូឡូស៊ីនឹងក្លាយជាកូនសោរសំខាន់សម្រាប់ការផ្លាស់ប្តូរ ។
រដ្ឋាភិបាលថៃមានបំណងសហការជាមួយក្រុមហ៊ុន TOYOTA ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅប្រទេសថៃ រួមទាំងរថយន្ត Eco Car និងរថយន្ត១បាំងកន្លះផងដែរ ។ រដ្ឋាភិបាលថៃមានគម្រោងកាត់បន្ថយពន្ធរយៈពេល៣ឆ្នាំ សម្រាប់ក្រុមហ៊ុនផលិតរថយន្តដែលវិនិយោគក្នុងប្រព័ន្ធ Automation និង Robotics ក្រោយពីការលើកទឹកចិត្តអតិថិជនទិញរថយន្តអគ្គិសនី ។ រីឯក្រុមហ៊ុន TOYOTA មានគម្រោងសាកល្បងប្រើប្រាស់រថយន្តអគ្គិសនី១បាំងកន្លះនៅថៃ ដើម្បីជំរុញការលក់រថយន្តអគ្គិសនីក្នុងប្រទេសនេះ ៕ ប្រភព ៖ AEC connect










