យោងតាមទំព័រហ្វេសប៊ុកឈ្មោះ World Culture បានចុះផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០២៣ ថា មានប្រទេសចំនួន៥ នៅតំបន់អាស៊ីអាគ្នេយ៍បានជាប់ចំណាត់ថ្នាក់ជា «The Land of Smile ឬទឹកដីនៃស្នាមញញឹម» ដោយសារពលរដ្ឋរស់នៅប្រទេសទាំងនេះមានស្នាមញញឹមជាមួយគ្នាទៅវិញទៅមក និងជាមួយភ្ញៀវទេសចរបរទេស ហើយពួកគេមានភាពរួសរាយរាក់ទាក់បំផុតលើពិភពលោក ។ ប៉ុន្តែក្នុងចំណោមប្រទេសទាំង៥នេះ គ្មានឈ្មោះប្រទេសថៃទេ ។ តើប្រទេសទាំង៥ នេះ មានប្រទេសណាខ្លះ?
ទំព័រហ្វេសប៊ុកឈ្មោះ World Culture បានលើកឡើងថា ប្រទេសដែលបានជាប់ចំណាត់ថ្នាក់ជា «The Land of Smile» រួមមាន ៖
១-ឥណ្ឌូណេស៊ី
២-កម្ពុជា
៣-ឡាវ
៤-ហ្វីលីពីន
៥-មីយ៉ាន់ម៉ា
កន្លងមក សារព័ត៌មានរបស់កម្ពុជាបានចុះផ្សាយថា រាជធានីភ្នំពេញ ប្រទេសកម្ពុជា គឺជាទឹកដីនៃស្នាមញញឹម ហើយពលរដ្ឋខ្មែរមានទឹកចិត្តជួយគ្នាទៅវិញទៅមក ។ ប៉ុន្តែស្រាប់តែទំព័រហ្វេសប៊ុកថៃឈ្មោះ 7News បានយកព័ត៌មាននេះទៅចុះផ្សាយបន្ត ដោយលើកឡើងថា «The Land of Smile ឬទឹកដីនៃស្នាមញញឹម» គឺជាឈ្មោះរបស់ប្រទេសថៃតែមួយប៉ុណ្ណោះ ដោយសារពលរដ្ឋថៃមានភាពរួសរាយរាក់ទាក់ជាមួយភ្ញៀវទេសចរបរទេស ។ ទំព័រហ្វេសប៊ុកនេះថែមទាំងបានលើកឡើងទៀតថា «ទឹកដីនៃស្នាមញញឹម» គឺជាពាក្យដែលប្រទេសថៃធ្លាប់ប្រើប្រាស់ និងធ្វើឱ្យប្រទេសនានានៅលើពិភពលោកស្គាល់ឈ្មោះនេះ ។
បន្ទាប់មក ទំព័រហ្វេសប៊ុក 7News ថែមទាំងបានដកស្រង់ការបញ្ចេញមតិរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គមយកមកចុះផ្សាយទៀតផង ក្នុងនោះជនជាតិថៃដំបូងគេនិយាយថា ៖ «តើកម្ពុជា គឺជាទឹកដីនៃស្នាមញញឹមមែនទេ? ខ្ញុំប្រាកដចិត្តថា នេះជាឈ្មោះរបស់ប្រទេសថៃ» ។ រីឯជនជាតិថៃម្នាក់ទៀតថា ៖ «ទឹកដីនៃស្នាមញញឹម ស្តាប់ហើយ ដូចជាធ្លាប់ឮ ។ ខ្ញុំធ្លាប់បានឮពាក្យនេះពីមុនមក ប៉ុន្តែមិនមែនកម្ពុជាទេ ។ ទោះយ៉ាងណា ខ្ញុំក៏រីករាយដែរ ដែលគ្រប់គ្នាអាចញញឹម ហើយសូមឱ្យគ្រប់គ្នាមានសេចក្តីសុខរហូតទៅ ។ កុំភ្លេចញញឹមបន្តទៀត ហើយសង្ឃឹមថា គ្រប់គ្នានៅក្នុងប្រទេសនឹងអាចញញឹមតាមគ្នា» ។
ជនជាតិថៃម្នាក់ទៀតថា ៖ «នៅសុខៗ កម្ពុជាមកប្រើប្រាស់ពាក្យថា ទឹកដីនៃស្នាមញញឹម យ៉ាងព្រងើយ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ទឹកដីនៃស្នាមញញឹម គឺជាឈ្មោះរបស់ប្រទេសថៃ ដែលពិភពលោកបានស្គាល់» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ទឹកដីនៃស្នាមញញឹម ខ្ញុំចូលចិត្តពាក្យនេះ ។ ទោះយ៉ាងណា បើស្វែងរកពាក្យនេះនៅក្នុង Google ខ្ញុំយល់ថា គឺសំដៅទៅលើប្រទេសថៃ» ៕ ប្រភព ៖ World Culture










