បរទេស៖ អ្នកគាំទ្រ Taylor Swift ម្នាក់អាយុ ២៣ ឆ្នាំបានស្លាប់នៅក្នុងការប្រគុំតន្ត្រី Eras Tour ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី១៨ ខែវិច្ឆិកា។
យោងតាមគេហទំព័រ CBS News បានឱ្យដឹងថា បច្ចុប្បន្នការប្រគុំតន្ត្រីរបស់តារាចម្រៀងពិភពលោក Taylor Swift ត្រូវបានពន្យារពេល ដោយសារតែសីតុណ្ហភាពក្តៅខ្លាំងពេក។ កាលពីសប្តាហ៍មុន នៅក្នុងការប្រគំតន្ត្រី Eras Tour របស់ Taylor Swift មិនអនុញ្ញាតឱ្យអ្នកគាំទ្រយកទឹកចូលក្នុងកីឡដ្ឋាននោះទេ បើទោះបីជាសីតុណ្ហភាពកើនឡើងខ្លាំងយ៉ាងណាក៏ដោយ។
ថ្មីៗនេះតារាចម្រៀង Taylor Swift បានបង្ហោះសារមួយនៅក្នុង Instagram របស់នាងបន្ទាប់ពីដឹងព័ត៌មាននៃការស្លាប់របស់អ្នកគាំទ្ររបស់នាង។ នៅក្នុងសារនោះ Taylor បានសរសេរថា នាងបានបាត់បង់អ្នកគាំទ្ររបស់នាងយប់មិញ “បេះដូងរបស់នាងខ្ទេចខ្ទាំ” ហើយនាងពិតជាមានអារម្មណ៍ថា “សោកសៅខ្លាំងណាស់ពេលដែលដឹងដំណឹងដ៏ក្រៀមក្រំនេះ”។ តារាចម្រៀងវ័យ ៣៣ ឆ្នាំរូបនេះ បានសរសេរបន្តទៀតថា នៅលើឆាកនាងមិនអាចនិយាយចេញទេ ព្រោះនាងពិតជាខូចចិត្តណាស់ ហើយនាងធ្លាប់គិតថារឿងនេះនឹងអាចកើតឡើងនៅពេលដែលយើងសម្រេចចិត្តធ្វើដំណើរទៅប្រទេសប្រេស៊ីល។
អ្នករៀបចំកម្មវិធី Time4Fun បាននិយាយនៅលើ Instagram ថាអ្នកគាំទ្រម្នាក់ឈ្មោះ Benevides ត្រូវបានបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ ហើយរំពេចនោះនាងក៏បានបាត់បង់ជីវិតតែម្តង។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Flávio Dino បាននិយាយនៅលើ X ថាក្រសួងនឹងអនុវត្ត “ច្បាប់សង្គ្រោះបន្ទាន់” ទាក់ទងនឹងការទទួលបានទឹកនៅក្នុងកម្មវិធីនិងព្រឹត្តិការណ៍សាធារណៈផ្សេងទៀត។
បច្ចុប្បន្ន អាជ្ញាធរកំពុងស៊ើបអង្កេតស្ថានភាពនៃការស្លាប់នេះ ដោយអភិបាលក្រុង Rio de Janeiro និងលោក Eduardo Paes បានសរសេរនៅលើ X ថា សាលាក្រុងនឹងទាមទារឱ្យក្រុមហ៊ុនផលិតកម្មវិធីផ្តល់កន្លែងចែកចាយទឹក និងរថយន្តសង្គ្រោះបន្ទាន់ ក៏ដូចជាត្រូវរៀបចំកម្មវិធីឱ្យបានត្រឹមត្រូវឡើងវិញ៕










