កាលពីដើមខែវិច្ឆិការរហូតមកដល់ពេលនេះ ក្រុមការងារជាតិកំពុងតែមានមមាលញឹកក្នុងការរៀបចំដំឡើងប្រទីបជាង៣០គ្រឿង ដើម្បីត្រៀមចូលរួមបណ្តែត អបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបក នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ហើយទីតាំងធំមួយនៅក្នុងការប្រារព្ធពិធីបុណ្យនេះ គឺស្ថិតនៅតាមដងទន្លេមេគង្គ ទល់មុខបរិវេណព្រះបរមរាជវាំងរាជធានីភ្នំពេញ។ ក្នុងនោះ ក៏មានការរៀបចំតាំងពិពណ៌ប្រទីបតំណាងស្ថាប័ននានានៅក្នុងព្រះរាជាណាចក្រកម្ពុជាចំនួនជាង៣០គ្រឿងផងដែរ។
យោងទៅតាមភ្នាក់ងាររៀបចំបានឲ្យដឹងទៀតថា ក្នុងការដំឡើងប្រទីបនីមួយៗមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមការងារទាំងភ្លើងនិងផ្លាំងរូបភាព ដោយប្រទីបនីមួយៗត្រូវប្រើពេលយ៉ាងហោចណាស់៤ទៅ៥ថ្ងៃ ដើម្បីត្រួតពិនិត្យនិងទៅតាមរូបភាពដែលចង់បានឲ្យស្របទៅនឹងស្ថាប័ននីមួយៗ។ ម៉្យាងវិញទៀត ប្រទីបនីមួយៗជាមធ្យមត្រូវចំណាយអំពូលភ្លើងចន្លោះ៥០ ០០០ ទៅ ៧០ ០០០គ្រាប់សម្រាប់ការតុបតែង និងរំលេចភាពអញ្ចែញអញ្ចាចនៃប្រទីប។
គួបញ្ជាក់ផងដែរថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកខាងមុខនេះ មិនត្រឹមតែមានការតាំងពិពណ៌ប្រទីបធំៗប៉ុណ្ណោះទេ ថែមទាំងមានការប្រណាំងទូកនៅតាមដងទន្លេ រួមជាមួយនឹងការបាញ់កាំជ្រួញអបអរសាទរយ៉ាងគគ្រឹកគគ្រេងក៏ដូចជាកម្មវិធីជាច្រើនទៀត។ ដូច្នេះហើយ ប្រជាពលរដ្ឋកម្ពុជាព្រមទាំងភ្ញៀវអន្តរជាតិអាចអញ្ជើញមកចូលរួមឲ្យបានច្រើនកុះករ ក៏ដូចជាធ្វើការអបអរដល់ពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរផងដែរ៕