ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃរិះគន់គ្រប់ៗគ្នា ក្រោយពីហាងលក់នំមួយកន្លែងនៅប្រទេសថៃ (ដែលគេមិនស្គាល់ទីតាំងពិតប្រាកដ) បានធ្វើនំ Cookie ជារូបរាងព្រះពុទ្ធ ដោយដាក់ស្នូលម្នាស់នៅផ្នែកខាងក្នុង មានពណ៌ត្នោត ហើយមើលទៅ ដូចព្រះពុទ្ធបេះបិទ ។ អ្នកលេងបណ្តាញសង្គមថៃសួរថា តើវាសមរម្យដែរឬទេ ដែលហាងនេះយករូបព្រះពុទ្ធមកលេងសើចដូច្នេះ?
នំ Cookie ដាក់ស្នូលម្នាស់នៅផ្នែកខាងក្នុង និងធ្វើឱ្យមនុស្សជាច្រើននាក់ជជែកគ្នាក្នុងបណ្តាញសង្គមនោះ ដោយសារនំនេះមានរូបរាងមិនដូចនំផ្សេងទៀត ។ ហាងបានធ្វើវាឡើងមកឱ្យមានលក្ខណៈដូចគ្នានឹងរូបព្រះពុទ្ធ រហូតធ្វើឱ្យពលរដ្ឋថៃជជែកគ្នាក្នុងបណ្តាញសង្គមពីភាពមិនសមរម្យ ។ ចុងក្រោយ ពលរដ្ឋថៃបានសំណូមពរឱ្យការិយាល័យព្រះពុទ្ធសាសនា និងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យករណីនេះ ។
ព្រះសង្ឃព្រះនាម Phayom Kanlayano ជាព្រះចៅអធិការវត្តសួនកែវ ស្ថិតនៅឃុំបាងសែន ស្រុកបាងញ៉ៃ ខេត្តនុនថៈបុរី ប្រទេសថៃ បានបញ្ចេញមតិចំពោះរឿងនេះថា បើអ្នកមិនបានមើលងាយព្រះពុទ្ធសាសនានោះល្អហើយ ប៉ុន្តែបើធ្វើហើយ ធ្វើឱ្យពុទ្ធសាសនាធ្លាក់ចុះ វាមិនល្អទេ ។
ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «អ្នកគួរតែនឹកឃើញដល់ព្រះពុទ្ធរូបផង ទោះជាអ្វីក៏ដោយ ។ ចូរកុំធ្វើអ្វីឱ្យថោកទាបទៅបានហើយ ដូចជា ការធ្វើម្ហូបអាហារ និងនំចំណី ព្រោះនឹងធ្វើឱ្យគេរិះគន់ ។ ម្ហូបអាហារ ឬនំចំណី អ្នកអាចធ្វើជារូបភាពផ្សេងៗមានច្រើនណាស់ ហើយការធ្វើនំរូបព្រះពុទ្ធ គឺដូចគ្នានឹងព័ត៌មានមុននេះបានចុះផ្សាយអីចឹង ដែលមានអ្នកផលិតថ្នាំឆ្កួត ហើយដាក់រូបព្រះកេសព្រះពុទ្ធ» ។
ព្រះចៅអធិការវត្តណែនាំថា ហាងលក់នំគួរតែផ្លាស់ប្តូរធ្វើជារូបភាពផ្សេងវិញ វាសមរម្យជាងនេះ ។ ការធ្វើនំជារូបរាងព្រះពុទ្ធ អាចប៉ះពាល់ដល់ផ្លូវចិត្តអ្នកគោរពព្រះពុទ្ធសាសនានៅប្រទេសថៃ ហើយបើអាចចៀសវាងបាន គួរតែចៀសវាងទៅ ។
ក្រោយពីព័ត៌មាននេះបានល្បីល្បាញក្នុងបណ្តាញសង្គម ធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់សម្តែងការមិនពេញចិត្ត ក្នុងនោះពលរដ្ឋថៃម្នាក់និយាយថា ៖ «វាមិនសមរម្យយ៉ាងខ្លាំង ហើយរូបភាពផ្សេងៗមានច្រើនណាស់ ម៉េចមិនធ្វើ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «មិនគួរធ្វើនំ និងយករូបព្រះពុទ្ធដែលជាទីគោរពដ៏ខ្ពង់ខ្ពស់មកដាក់បែបនេះទេ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «ការធ្វើបែបនេះ ជ្រុលហួសហេតុពេកហើយ» ។
ពលរដ្ឋថៃម្នាក់ទៀតថា ៖ «មិនគួរធ្វើសោះឡើយ បើយើងឱ្យគេធ្វើនំដោយដាក់មុខឪពុក-ម្តាយរបស់យើងវិញ ហើយឱ្យអ្នកផ្សេងបរិភោគនោះ តើយើងហ៊ានធ្វើអីចឹងទេ? ព្រះពុទ្ធប្រៀបបីដូចជាឪពុករបស់យើងដែរ មិនគួរណាធ្វើទេ» ៕ ប្រភព ៖ pptv hd










