សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា គម្រោងអប់រំនៅក្នុងពន្ធនាគាររបស់សាកលវិទ្យាល័យ Northwestern បានរៀបចំពិធីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិត ដែលកំពុងជាប់ឃុំឃាំ.ងនៅក្នុងពន្ធនាគារ ។ គេចាត់ទុកថា នេះគឺជាសាកលវិទ្យាល័យកម្រិត Top 10 ដំបូងគេរបស់សហរដ្ឋអាមេរិក ដែលបានប្រគល់សញ្ញាបត្រដល់អ្នកទោស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងមក ។
បណ្តាអ្នកទោសបានបញ្ចប់ការសិក្សាទាំងនេះ បានសម្តែងការរីករាយជាមួយសំឡេងទះដៃ នៅពេលមិត្តភក្តិរបស់ពួកគេឡើងទៅលើវេទិកាដើម្បីទទួលសញ្ញាបត្រ ។ នេះចាត់ទុកថា ពួកគេជាក្រុមអ្នកទោសដំបូងគេ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីគម្រោងអប់រំនៅក្នុងពន្ធនាគាររបស់សាកលវិទ្យាល័យ Northwestern ស្ថិតនៅទីក្រុង Crest Hill រដ្ឋអ៊ីលីណយ ។
លោកស្រី Juliana Stratton អភិបាលរងរដ្ឋអ៊ីលីណយ លើកឡើងថា ការបញ្ចប់ការសិក្សារបស់និស្សិតលើកនេះចាត់ទុកថា គឺជាការបោះជំហានទៅមុខដ៏សំខាន់នាថ្ងៃអនាគត សម្រាប់ការអប់រំកម្រិតខ្ពស់ក្នុងប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ ហើយត្រូវធ្វើឱ្យបានច្រើនជាងនេះផងដែរ ។ ពលរដ្ឋអាមេរិកគ្រប់រូប មិនថាពួកគេជាប់ពន្ធនាគារ ឬរស់នៅទីកន្លែងណាមួយទេ គឺពួកគេមានសិទ្ធិទទួលបានការសិក្សា ហើយប្រទេសជាតិត្រូវតែគិតគូរពីអនាគតរបស់ពួកគេ ។
លោកស្រី Juliana Stratton អភិបាលរងរដ្ឋអ៊ីលីណយថ្លែងថា ៖ «គម្រោងអប់រំនៅក្នុងពន្ធនាគាររបស់សាកលវិទ្យាល័យ Northwestern បានបង្ហាញថា អំណាចរបស់ការសិក្សាអាចផ្លាស់ប្តូរជីវិតរបស់មនុស្សម្នាក់ៗបាន ។ ពួកគេនឹងដឹងថា តើការសិក្សាបានផ្តល់ក្តីសង្ឃឹមសម្រាប់ថ្ងៃអនាគតដ៏ល្អប្រសើរទាំងនៅក្នុងពន្ធនាគារ និងក្រៅពន្ធនាគារសម្រាប់ពួកគេដូចម្តេចខ្លះ» ៕ ប្រភព ៖ TNN World