ហ្វីលីពីន៖ គ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ បានអង្រួនប្រទេសហ្វីលីពីន បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង និងផ្សារទំនើបជាច្រើន។
យោងតាមគេហទំព័រ ABC News ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា ហេតុការណ៍នៃគ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៤:១៤ រសៀល ដែលមានកម្រិត ៦.៧ រ៉ិចទ័រ ស្ថិតនៅចម្ងាយ ២៦ គីឡូម៉ែត្រពីទីក្រុង Burias នៅចុងភាគខាងត្បូងនៃប្រទេសហ្វីលីពីន។
លោក Angel Dukaduka មន្ត្រីឆ្លើយតបគ្រោះមហន្តរាយ បានឱ្យដឹងថា នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីនេះ មានមនុស្សយ៉ាងហោចណាស់ម្នាក់ត្រូវបានគេនិយាយថាស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស។ លោក Dukaduka បានបន្តទៀតថា អគារការិយាល័យក្រុង ក៏ដូចជាផ្ទះសម្បែង កន្លែងហាត់ប្រាណ និងផ្សារទំនើបជាច្រើនក៏ត្រូវបានរងការខូចខាតក្នុងការរញ្ជួយដីនេះផងដែរ រួមទាំងដាច់ចរន្តអគ្គិសនីដោយសារតែការរំញ័រខ្លាំងពេក។ ទោះជាយ៉ាងណាក៏ដោយ មេប៉ូលីសនៃទីក្រុង Koronadal បាននិយាយថា មិនមានរបាយការណ៍ណាច្បាស់លាស់អំពីការស្លាប់នោះទេ។
បច្ចុប្បន្ន ប្រធានាធិបតី Ferdinand Marcos Jr បានធ្វើការណែនាំភ្នាក់ងាររដ្ឋាភិបាលឱ្យធានាសុវត្ថិភាព និងសុខុមាលភាពរបស់មនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។
គួរបញ្ជាក់ដែរថា ប្រទេសហ្វីលីពីនបានជួបប្រទះការរញ្ជួយដីជាញឹកញាប់ និងការផ្ទុះភ្នំភ្លើង ដោយសារតែទីតាំងរបស់វានៅលើមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ដែលជាធ្នូនៃរលករញ្ជួយជុំវិញមហាសមុទ្រ៕










