Rosé សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួននៅក្នុងក្រុមមួយសម្រាប់ការពិភាក្សាអំពីសុខភាពផ្លូវចិត្តក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ាដែលរៀបចំដោយជំទាវទីមួយ Jill Bidenភរិយារបស់ប្រធានាធិបតីអាម៉េរិក។
Rosé បានបង្ហាញខ្លួនជាភ្ញៀវជាមួយជំទាវទីមួយរបស់កូរ៉េខាងត្បូង Kim Keon Hee ជាមួយនឹងជំទាវទីមួយរបស់សហរដ្ឋអាម៉េរិក Jill Biden។ សមាជិកក្រុម BLACKPINK រូបនេះបានចូលរួមក្នុងការពិភាក្សាដោយបើកចំហអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងជាមួយនឹងសុខភាពផ្លូវចិត្តក្នុងនាមជាបុគ្គលសាធារណៈ។ នាងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរំឭកខ្លួនឯងអំពីតម្លៃផ្ទាល់ខ្លួន ដែលអ្នកដទៃមិនអាចវាស់វែងបានឡើយ។
Rosé បាននិយាយថាការមានបណ្ដាញសង្គមធំមួយតាមដានធ្វើឱ្យនាងមានអារម្មណ៍ងាយរងគ្រោះ ជាពិសេសនៅពេលដែលមនុស្សរិះគន់។ នាងបាននិយាយថា វាជារឿងសំខាន់ក្នុងការនិយាយអំពីរឿងបែបនេះ ទោះជាវាពិបាកក៏ដោយ។ ទោះយ៉ាងណា Rosé បានបង្ហាញពីបំណងចង់ផ្តល់ការលើកទឹកចិត្ត និងការសម្រាលទុក្ខដល់អ្នកដែលស្តាប់តន្ត្រីរបស់នាងផងដែរ។
ជាមួយគ្នានេះផងដែរ ជំទាវទីមួយរបស់កូរ៉េខាងត្បូង បន្ថែមដោយការលើកទឹកចិត្ត Rosé និងតារា K-Pop ទូទាំងពិភពលោកឱ្យបន្តការរួមចំណែកក្នុងសង្គម ដោយរំកិលបេះដូងអ្នកស្តាប់ជុំវិញពិភពលោកជាមួយនឹងសារវិជ្ជមានរបស់ពួកគេ។
ការពិភាក្សានេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើនដែលរៀបចំដោយលោកជំទាវ Jill Biden ដែលជាមេដឹកនាំអាស៊ីប៉ាស៊ីហ្វិកក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងសប្តាហ៍នេះសម្រាប់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ។
គួរបញ្ជាក់ថា កិច្ចពិភាក្សានេះមិនត្រឹមតែចូលរួមពីជំទាវទី១ នៃប្រទេសកូរ៉េខាងត្បូង ប៉ុណ្ណោះទេស្ត្រីទី១នៃប្រទេសហ្វីលីពីនក៏បានចូលរួមផងដែរ៕










