ប្រទេសកូរ៉េខាងត្បូង ៖ វាជាដំណឹងដ៏រីករាយសម្រាប់អ្នកស្រឡាញ់សត្វនៅប្រទេសកូរ៉េខាងត្បូង ខណៈនៅឆ្នាំ២០២៣ រដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ហាមពលរដ្ឋបរិភោគសាច់ពិសេស ឬសាច់ឆ្កែ ក្រោយពីទទួលការរិះគន់យ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ។ រដ្ឋាភិបាលបញ្ជាក់ថា នឹងផ្តល់ប្រាក់សំណងដល់អ្នកប្រកបអាជីវកម្មនេះដែលត្រូវផ្លាស់ប្តូរមុខរបរ ។ រីឯកសិករចិញ្ចឹមឆ្កែលក់សាច់បានតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដោយពួកគេនិយាយថា វាជាការរំលោភសិទ្ធិរស់នៅ ។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ហាមពលរដ្ឋនៅទូទាំងប្រទេសកូរ៉េខាងត្បូងបរិភោគសាច់ឆ្កែ ក្នុងគោលបំណងបញ្ឈប់មតិរិះគន់ និងការប្រឆាំងនឹងការបរិភោគសាច់ឆ្កែនៅកូរ៉េខាងត្បូង និងនៅក្រៅប្រទេស ។
លោក You Uidong ប្រធានគណបក្ស People Power Party ជាគណបក្សរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល និងសកម្មជនសិទ្ធិសត្វថា វាដល់ពេលហើយ ដែលកូរ៉េខាងត្បូងត្រូវបញ្ឈប់បញ្ហាទំនាស់ក្នុងសង្គម និងភាពចម្រូងចម្រាស់អំពីការបរិភោគសាច់ឆ្កែ ។ ហេតុនេះ កូរ៉េខាងត្បូងត្រូវចេញច្បាប់ពិសេសមួយដើម្បីបញ្ឈប់ការបរិភោគសាច់ឆ្កែ ។
លោក You Uidong លើកឡើងថា ៖ «រដ្ឋាភិបាល និងគណបក្សរបស់រដ្ឋាភិបាលនឹងស្នើសេចក្តីព្រាងច្បាប់ ដើម្បីដាក់ឱ្យអនុវត្តបម្រាមបរិភោគសាច់ឆ្កែនៅឆ្នាំ២០២៣ ព្រមទាំងអំពាវនាវឱ្យមានការគាំទ្រពីគណបក្សប្រឆាំង ហើយរដ្ឋសភាអាចអនុម័តច្បាប់នេះបានជោគជ័យ» ។
ការបរិភោគសាច់ឆ្កែ គឺជាផ្នែកមួយនៃវប្បធម៌បរិភោគអាហារនៅឧបទ្វីបកូរ៉េជាយូរមកហើយ ។ ពលរដ្ឋកូរ៉េខាងត្បូងយល់ឃើញថា ការបរិភោគសាច់ឆ្កែអាចជួយកាត់បន្ថយកំដៅក្នុងខ្លួននៅរដូវក្តៅ ប៉ុន្តែការវិវឌ្ឍរបស់ពិភពលោក និងការយល់ដឹងអំពីសិទ្ធិសត្វ បានធ្វើឱ្យវប្បធម៌ការបរិភោគសាច់ឆ្កែទទួលការរិះគន់យ៉ាងខ្លាំងទាំងនៅកូរ៉េខាងត្បូង និងក្រៅប្រទេស ។
មុននេះ កូរ៉េខាងត្បូងបានព្យាយាមធ្វើសេចក្តីព្រៀងច្បាប់ហាមបរិភោគសាច់ឆ្កែជាច្រើនលើក ប៉ុន្តែទទួលបរាជ័យ ដោយសារមានមតិប្រឆាំងពីអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មលក់ដូរសាច់ឆ្កែ ។ ទន្ទឹមនឹងនេះ គេបារម្ភថា ការហាមឃាត់បរិភោគសាច់ឆ្កែនឹងប៉ះពាល់ដល់មុខរបររបស់កសិករនៅជនបទ ។
សេចក្តីរាយការណ៍បញ្ជាក់ថា សេចក្តីព្រាងច្បាប់ហាមបរិភោគសាច់ឆ្កែនឹងរួមបញ្ចូលរយៈពេលអនុគ្រោះចំនួន៣ឆ្នាំ ហើយរដ្ឋាភិបាលនឹងផ្តល់ប្រាក់សំណងដល់អ្នកប្រកបមុខរបរលក់សាច់ឆ្កែ ដើម្បីឱ្យពួកគេយកប្រាក់នេះទៅប្រកបមុខរបរផ្សេងទៀត ។
តាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ប្រទេសកូរ៉េខាងត្បូងមានកសិដ្ឋានចិញ្ចឹមឆ្កែប្រមាណ១.១៥០កន្លែង, ទីស.ត្តឃា.តចំនួន៣៤កន្លែង និងភោជនីយដ្ឋានលក់ម្ហូបអាហារពីសាច់ឆ្កែ ចំនួន១.៦០០កន្លែង ៕ ប្រភព ៖ 3Plus News