កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា ក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ពិភពលោក Amazon បានប្រកាសសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Hyundai ដើម្បីត្រៀមលក់រថយន្តតាមអនឡាញនៅសហរដ្ឋអាមេរិក ។ គម្រោងនេះគ្រោងដំណើរការនៅឆ្នាំ២០២៤ ហើយនេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Amazon ងាកមកជួញដូរទំនិញធំៗ ដូចជា រថយន្ត ។
ការទិញរថយន្តតាមអនឡាញ គឺអតិថិជនអាចជ្រើសរើសប្រភេទរថយន្ត, ពណ៌ និងលក្ខណៈពិសេសផ្សេងទៀតតាមតម្រូវការ តាមរយៈគេហទំព័រ Amazon ។ លើសពីនេះ អតិថិជនអាចជ្រើសរើសវិធីទូទាត់ប្រាក់តាមតម្រូវការទៀតផង បើទោះជាពួកគេចង់បង់រំលោះ ឬចង់ទិញជាសាច់ប្រាក់ គឺពួកគេអាចធ្វើបានតាមរយៈគេហទំព័ររបស់ក្រុមហ៊ុនទាំងអស់ ។ អតិថិជនថែមទាំងអាចកំណត់រយៈពេលការប្រគល់រថយន្ត តាមរយៈតំណាងចែកចាយក្រុមហ៊ុន Hyundai ក្នុងតំបន់ ឬអតិថិជនអាចមកទទួលយករថយន្តនៅហាងដោយខ្លួនឯងផ្ទាល់ ។
កិច្ចព្រមព្រៀងនេះ គឺជាការពង្រីកកិច្ចព្រមព្រៀងដែលធ្លាប់បានប្រកាសកាលពី២ឆ្នាំមុន ដើម្បីពង្រីកកន្លែងលក់រថយន្តឌីជីថលរបស់ក្រុមហ៊ុន Hyundai នៅលើគេហទំព័រ Amazon.com ។ វានឹងជួយឱ្យអតិថិជនអាចកំណត់ថ្លៃបង់រំលោះរថយន្ត, គណនាតម្លៃ និងងាយស្រួលស្វែងរកតំណាងចែកចាយលើសពីមួយ ។
Jay Chang គឺជា CEO របស់ Hyundai Motor លើកឡើងថា ៖ «ការធ្វើជាដៃគូជាមួយក្រុមហ៊ុនមួយដែលមានអតិថិជនច្រើនបំផុតនៅលើពិភពលោក វានឹងជួយផ្តល់ឱកាសឱ្យក្រុមហ៊ុន Hyundai ខណៈយើងខ្លួនឯងក៏កំពុងព្យាយាមពង្រីកទីផ្សារ និងបណ្តាញលក់ផងដែរ ។ នេះជាការផ្លាស់ប្តូរមួយឈានទៅរកការប្រើប្រាស់ថាមពលអគ្គិសនី និងគិតពីអនាគតនៃការធ្វើដំណើរដ៏ឆ្លាតវៃ» ។
ក្រុមហ៊ុនដ៏ល្បីល្បាញ Amazon បានងាកមកចាប់យកទីផ្សាររថយន្តបែបនេះ គឺជាការផ្លាស់ប្តូរដ៏ធំមួយដែលមនុស្សជាច្រើនចាប់អារម្មណ៍លើការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក ៕ ប្រភព ៖ beartai BRIEF