កំលោះតូច លីម តិចម៉េង កំពុងធ្វើឱ្យអ្នកគាំទ្រអាណិតខ្លោចចិត្តយ៉ាងខ្លាំងម្តាយរបស់គេឈឺជិតមួយឆ្នាំហើយ មិនហ៊ានមាត់កប្រាប់អ្នកគាំទ្រសោះឡើយដឹងតែម្យ៉ាងខិតខំទាំងថ្ងៃទាំងយប់មិនហ៊ានសម្រាកទាល់តែម្តាយរបស់គេជិតជាសះស្បើយទើបទម្លាយរឿងនេះប្រាប់អ្នកគាំទ្រ។
នៅលើបណ្តាញសង្គមរបស់ លីម តិចម៉េង បានសរសេរនៅរសៀលថ្ងៃទី១៧ វិច្ឆិកា ថា«ខំទាំងយប់ទាំងថ្ងៃមិនដែលហ៊ានសម្រាក មិនដែលខ្លាចភាពនឿយហត់អ្វីឡើយ អ្នកម្តាយឈឺជិតមួយឆ្នាំហើយក៏មិនដែលនិយាយប្រាប់បងប្អូនដែរ ពេលនេះគាត់បានធូរ ជិតជាវិញហើយ គាត់តែងបារម្ភខ្ញុំ ពីការងារ ការចំណាយទៅលើក្រុមគ្រួសារ ការទិញរបស់ផ្សេងៗ ថ្ងៃនេះខ្ញុំសូមនិយាយដោយបើកចំហរថា ដរាបណាខ្ញុំនៅដើររួច នៅហាមាត់ច្រៀងបាន ខ្ញុំមិនឱ្យលោកអស់សង្ឃឹមឡើយ»។ អមជាមួយខ្លឹមសារនេះ លីម តិចម៉េង ក៏បានបង្ហោះវីដេអូខ្លីមួយដែលម្តាយរបស់លោកកំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ។
ទោះយ៉ាងណា តារាចម្រៀង លីម តិចម៉េង មិនបានបង្ហើបថាម្តាយរបស់គេមានជំងឺអ្វីនោះទេ គ្រាន់តែបង្ហើបថាឈឺជិតមួយឆ្នាំប៉ុណ្ណោះ ខណៈអ្នកគាំទ្រនិងបណ្តាអ្នកសិល្បៈបានចូលទៅជូនពរឱ្យម្តាយ លីម តិចម៉េង ឆាប់ជាសះស្បើយផងដែរនិងកោតសរសើរពីទឹកចិត្តដ៏មោះមុតរបស់គេជាគោលជំហរក្នុងគ្រួសារ។
ម្ចាស់ពានដែលមានស្រុកកំណើតនៅចំការលើ ខេត្តកំពង់ចាមរូបនេះ បានកែប្រែវាសនាខ្លួនពីក្មេងឃ្វាលគោមកជាតារាចម្រៀងល្បី ហើយត្រូវបានមហាជនសរសើរថាមានអត្តចរិតល្អ ដាក់ខ្លួន មិនឆ្មើងឆ្មៃ រួសរាយ ក្រមិចក្រមើមគួរឱ្យស្រលាញ់។ ជាមនុស្ស បង្ហាញការដឹងគុណចំពោះអ្នកនៅជុំវិញខ្លួន មិនថាអ្នករៀបចំកម្មវិធី និងពិសេសអ្នកគាំទ្ររបស់គេ មានចរិតចាស់ទុំ រក្សាភាពនឹងនរ ឈរនៅចំណុចកណ្ដាលស្តែងចេញពីចិត្តមិនសម្តែង។
ជាមួយគ្នានេះផងដែរ លីម តិចម៉េង ធ្លាប់បានអះអាងថា ទោះបីជាខ្លួនល្បីឈ្មោះកម្រិតណាក៏ដោយ ក៏មិនភ្លេចខ្លូនភ្លេច កំណើត ភ្លេចមហាជនដែលតែងតែគាំទ្រលោក ជួយបោះឆ្នោតឱ្យលោករហូតមានឈ្មោះជាម្ចាស់ពានផងដែរ៕