មន្ត្រីជាន់ខ្ពស់នៃប្រទេសឡាវ និងសមាជិកនៃអង្គការផលិតភាពអាស៊ី (APO) បានជួបពិភាក្សាគ្នាដើម្បីចែករំលែកគំនិតនិងបទពិសោធន៍ នៅក្នុងសិក្ខាសាលាស្តីពីសហគ្រិនភាពសង្គមសម្រាប់ជនពិការ ដើម្បីលើកទឹកចិត្តដល់ជនពិការក្នុងការចែករំលែកពីការអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេ។
ថ្លែងក្នុងសិក្ខាសាលាមួយនាទីក្រុងវៀងចន្ទនទប្រទេសឡាវ លោក Bounpheng Sibounheung នាយកដ្ឋានផ្សព្វផ្សាយសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ មានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់សហគ្រិនភាពក្នុងសង្គមជនពិការ ដែលជាជំហានសំខាន់មួយដើម្បីឆ្ពោះទៅរកការបង្កើតសង្គមមួយ មានភាពសម្បូរបែបក្នុងចំណោមជនពិការទាំងអស់។
ការបង្កើតឲ្យមានសហគ្រិនភាពសង្គមនេះ អាចជួយឱ្យជនពិការមានភាពជីវភាពរស់នៅល្អពេញបរិបូរណ៍ និងរួមចំណែកដល់ការលើកកម្ពស់សហគមន៍របស់ពួកគេ។ សិក្ខាសាលានេះផ្តោតលើការពង្រឹងជំនាញទន់របស់សហគ្រិនក្នុងការជំរុញការអភិវឌ្ឍន៍ផលិតផលរបស់ពួកគេ និងដើម្បីឱ្យពួកគេមានលទ្ធភាពនៅក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុក និងក្នុងតំបន់។
ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់ក៏បានពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសសម្រាប់ជនពិការនៅក្នុងវិស័យផ្សេងៗ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ហើយពួកគេក៏បានស្វែងយល់ពីតួនាទីរបស់សហគ្រាសសង្គមក្នុងការពង្រឹងសិទ្ធិជនពិការ និងការបង្កើតគោលនយោបាយ រួមទាំងយុទ្ធសាស្ត្រក្នុងការផ្តល់ឱកាសក្នុងសង្គមសេដ្ឋកិច្ចរបស់ជនពិការផងដែរ៕










