ប្រទេសថៃ ៖ ទាហានជើងទឹកថៃបានប្រកាសតាមមេក្រូជាភាសាវៀតណាម ដើម្បីឱ្យទូកវៀតណាមបញ្ឈប់សកម្មភាពឈ្លា.នពា.នចូលដែនទឹកប្រទេសថៃ ប៉ុន្តែទូកវៀតណាមមិនព្រមឈប់ទេ ។ ហេតុនេះ ទាហានជើងទឹកថៃបានចេញទូក ព្រមទាំងនាំកម្លាំងទៅស្ទាក់ចាប់ទូកវៀតណាម បន្ទាប់មក ក៏បានចាប់ខ្លួនអ្នកបើកបរទូក និងជនជាតិវៀតណាមចំនួន៣នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឈូងសមុទ្រខេត្តណាខនស្រ៊ី ថាម៉ារ៉ាជ ។
តាមសេចក្តីរាយការណ៍ថា នៅមានទូកនេសាទវៀតណាមជាច្រើនគ្រឿងទៀតដែលទាហានជើងទឹកថៃពុំអាចចាប់បាន ហើយទូកវៀតណាមទាំងនេះបានដកថយចេញពីឈូងសមុទ្រថៃហើយ ។ ជនជាតិវៀតណាមបាននាំគ្នាលួចចូលមកចាប់ឈ្លើងសមុទ្រ ដោយសារឈូងសមុទ្រថៃសម្បូរឈ្លើងសមុទ្រ ។ ឈ្លើងសមុទ្រ គឺជាសត្វមួយប្រភេទដែលប្រទេសវៀតណាម និងចិនមានតម្រូវការទិញច្រើន ព្រមទាំងមានតម្លៃខ្ពស់ផងដែរ ។
លោក គ្រៀងក្រៃ ថងខាំ អាជ្ញាធរប្រចាំខេត្តណាខនស្រ៊ី ថាម៉ារ៉ាជ បានចូលជួបពិភាក្សាជាមួយលោក ក្រាចនគៀត រ៉ាក់ផានិកម៉ានី អភិបាលខេត្តណាខនស្រ៊ី ថាម៉ារ៉ាជ ដើម្បីរាយការណ៍ពីស្ថានការណ៍ដែលអាជ្ញាធរថៃប្រទះឃើញទូកនេសាទវៀតណាម និងធ្វើការចាប់ខ្លួនជនជាតិវៀតណាមទាំងអស់ ។ បច្ចុប្បន្ន អាជ្ញាធរថៃបានបង្កើនកម្លាំងយាមល្បាតជាបន្តបន្ទាប់នៅតាមឈូងសមុទ្រថៃ ។
លោក ក្រាចនគៀត រ៉ាក់ផានិកម៉ានី អភិបាលខេត្តណាខនស្រ៊ី ថាម៉ារ៉ាជ លើកឡើងថា ប្រទេសថៃនឹងខិតខំការពារបទល្មើសនៅគ្រប់តំបន់ ។ លោកទទួលស្គាល់ថា ការចេញបង្ក្រាបទូកនេសាទវៀតណាមនៅឆ្ងាយពីច្រាំងនេះ គឺហួសពីសមត្ថភាពរបស់អាជ្ញាធរ ទើបស្នើសុំជំនួយពីទាហានជើងទឹកថៃដែលមានសមត្ថភាពខ្ពស់ជាង ទើបអាចចាប់ទូកវៀតណាមបាន ។
រីឯអ្នកនេសាទថៃនិយាយថា ពួកគេបានប្រទះឃើញទូកនេសាទវៀតណាមមិនតិចជាង១០០គ្រឿងទេ ដែលបានចូលឈ្លា.នពា.នក្នុងដែនទឹកថៃ ។ ប៉ុន្តែខាងទាហានជើងទឹកថៃបដិសេធថា មានទូកវៀតណាមតែ២គ្រឿងប៉ុណ្ណោះ ។ បន្ទាប់ពីមានការផ្សាយព័ត៌មានចាប់ទូកវៀតណាម មតិមួយចំនួនលើកឡើងថា វាមានចំនួនតិចណាស់ ព្រោះទូកវៀតណាមបានលួចចូលមកចាប់ឈ្លើងនៅឈូងសមុទ្រថៃជាបន្តបន្ទាប់ គឺចាប់ពី១០គ្រឿង ទៅ២០គ្រឿង ៕
ប្រភព ៖ Thai PBS










