ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ The Ritz-Carlton ក្នុងទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានលើកឡើងអំពីការជួបពិភាក្សាជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន TikTok ថា នាយកក្រុមហ៊ុន TikTok បានធ្វើដំណើរមកជួបលោក សេដ្ឋា ថាវីស៊ីន ដោយផ្ទាល់ ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា វាមិនគួរឱ្យចម្លែកទេ ព្រោះនៅប្រទេសថៃមានអ្នកប្រើប្រាស់ TikTok ចំនួន៤៣លាននាក់ ហើយនេះចាត់ទុកថា ជាចំនួនខ្ពស់ណាស់ ។ មនុស្សគ្រប់គ្នានៅថៃនិយមប្រើប្រាស់កម្មវិធី TikTok ហើយយើងត្រូវធ្វើដូចម្តេច ទើបអាចជួយគ្នាទៅវិញទៅមកបាន? និងអនុញ្ញាតឱ្យក្រុមហ៊ុន TikTok អាចដំណើរការអាជីវកម្មបានល្អនៅប្រទេសថៃ ។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា ប្រទេសថៃមិនមែនមានត្រឹមតែខេត្តឈៀងម៉ៃ, ភូកេត និងទីក្រុងបាងកកប៉ុណ្ណោះទេ ប៉ុន្តែយើងមានខេត្តជាច្រើនទៀត និងត្រូវការផ្សព្វផ្សាយពីសេវាកម្ម រួមទាំង Soft Power ផលិតផលថៃផងដែរ ជាពិសេស ម្ហូបអាហារថៃ ។ មនុស្សជាច្រើនបានប្រើប្រាស់កម្មវិធី TikTok ដើម្បីបង្ហោះវីដេអូចម្អិនអាហារខ្លីៗដោយភាពរីករាយ ហើយធ្វើឱ្យមានមនុស្សចូលមើលច្រើន ។ ពេលនេះ យើងបានផ្តល់ការបណ្តុះបណ្តាលដល់ម្ចាស់ផលិតផលដែលត្រូវបានជ្រើសរើស បន្ទាប់មក ឱ្យខាង TikTok ជួយបណ្តុះបណ្តាល រួមទាំង Soft Power សម្រាប់ផ្នែកផ្សេងទៀតរបស់ថៃ ។
យើងបានស្នើឱ្យក្រុមហ៊ុន TikTok បើកមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅប្រទេសថៃ ដើម្បីផ្តល់ការណែនាំពីវិធីប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រសិទ្ធភាព ។ ចំណែកក្រុមប្រឹក្សាជំរុញការវិនិយោគក៏បានបង្ហាញពីសិទ្ធិ និងផលប្រយោជន៍ផ្នែកពន្ធរបស់ប្រទេសថៃ ដើម្បីលើកទឹកចិត្តឱ្យ TikTok ចាប់អារម្មណ៍ ។
លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ក៏បានលើកឡើងពីការពិភាក្សាជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន Booking.com ថា ចាប់ពីប្រទេសថៃបានប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនរួចមក មានអ្នកចូលមើលគេហទំព័ររបស់ក្រុមហ៊ុននេះរហូតដល់៧ដង ។ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះលោកគិតថា នឹងអាចបង្កើនចំនួនអ្នកចូលមើលគេហទំព័រ Booking.com កាន់តែច្រើនថែមទៀត ។ ក្រុមហ៊ុន Booking.com គឺជាម្ចាស់របស់ Agoda និងមានបុគ្គលិករាប់ពាន់នាក់ ក្នុងនោះមានជនជាតិថៃ និងជនបរទេស ។
ជាមួយគ្នានេះ យើងបានផ្សព្វផ្សាយពីវិស័យទេសចរណ៍ និង Soft Power របស់ថៃផងដែរ ។ ចំណែកនាយកគ្រប់គ្រងក្រុមហ៊ុន Booking.com បញ្ជាក់ថា នឹងទំនាក់ទំនងទៅមន្ត្រីអាជ្ញាធរទេសចរណ៍ថៃ ដើម្បីរកវិធីបង្កើតប្រយោជន៍ដល់ភាគីទាំងពីរ ហើយក្រុមហ៊ុននេះរីករាយណាស់ ដែលថ្នាក់ដឹកនាំប្រទេសផ្តល់ភាពសំខាន់ ៕
ប្រភព ៖ khaosod










