អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារប្រតិកម្ម និងសំណូមពរដល់ម្ចាស់ YouTube Channel ផ្សេងៗកែតម្រូវឡើយវិញបន្ទាប់ពីបទចម្រៀងមានចំណងជើងថា «បងល្អលើសគេ» សំនៀងដើមរបស់ ម៉េង កែវពេជ្របុប្ផា ជាបងស្រីធំខ្លួនត្រូវបានម្ចាស់ឆាណែលមួយចំនួនដាក់ឈ្មោះតារាចម្រៀងផ្សេង។
នៅលើបណ្តាញសង្គមរបស់អ្នកនាង ម៉េង កែវពេជ្ជតា នាយប់ថ្ងៃទី១៥ វិច្ឆិកា តារាចម្រៀងជើងចាស់រូបនេះបានរៀបរាប់យ៉ាងដូច្នេះថា«បទ បងល្អលើសគេ ជាបទចម្រៀងល្បីខ្លាំង និងមានអាយុកាលជិតសាមសិបឆ្នាំហើយ ដែលសំនៀងដើមរបស់បងស្រីធំ ម៉េង កែវពេជ្របុប្ផា ជាបុត្រីច្បងនៃស្តេចទ្រសោ ម៉េង ហ៊ុន និងរាជនីអាយ៉ៃ កែវ សង្វាពេជ្រ ក៏ជាតារាចម្រៀងមួយដួងដែលមានកេរ្ត៍ឈ្មោះថ្លៃថ្នូរដោយសារមានបទចម្រៀងល្បីៗផ្ទាល់ខ្លួនជាច្រើនបទ។ យើងបានឃើញ Channel YouTube ពីរនេះយកសំនៀងរបស់បងស្រី ម៉េង កែវពេជ្របុប្ផា ប៉ុន្តែដាក់ឈ្មោះអ្នកផ្សេង ? ។ លើសពេកហើយ ! មិនដឹងថាជាចេតនាចង់បន្លំ ចង់លេងសើច ឬជាអចេតនាទេ។ ប៉ុន្តែបើទោះជាក្នុងករណីណាក្តី យើងសំណូមពរដល់ម្ចាស់ YouTube Channel ទាំងពីរ និងផ្សេងៗទៀត មេត្តាកុំលេងបែបនេះ សូមកែតម្រូវវិញផង ។ រស់លើផែនដីតែមួយ ជាខ្មែរតែមួយ គួរកុំបំផ្លាញគេដើម្បីខ្លួនឯងមិនល្អទេ!»។
ជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី១៥ វិច្ឆិកា អ្នកនាង ម៉េង កែវពេជ្ជតា ក៏បង្ហាញពីបទចម្រៀងមួយបទដែលកំពុងផ្ទុះការគាំទ្ររបស់បងស្រីខ្លួនដូចគ្នាថាជាម្ចាស់សំនៀងដើម។ តារាចម្រៀងរូបនេះបានឱ្យដឹងថា«បទចម្រៀង “ក្រមុំខ្មែរលើ” ដែលកំពុងល្បីផ្ទុះខ្លាំងនេះ មានអាយុកាលជិត៣០ឆ្នាំមកហើយ ហើយដែលម្ចាស់សំនៀងដើមគឺបងស្រីធំ ម៉េង កែវពេជ្របុប្ផា កូនស្រីច្បងនៃគ្រួសារ ម៉េង កែវ ។ បទចម្រៀង ” ក្រមុំខ្មែរលើ ” នេះត្រូវបានបងប្អូនមួយចំនួនធំយកច្រៀងCover បង្ហោះតាមប្រព័ន្ធសង្គម និងច្រៀងផ្ទាល់តាមបណ្តារោងពិធីនានាឡើងវិញជាច្រើននាក់ រួមទាំងយកទៅ Remix ចេញជាបទ HipHopផុសក្នុងយូធូបយ៉ាងឡូយ គួរឱ្យសរសើរមែន។ ប៉ុន្តែដែលគួរឱ្យស្តាយដោយសារអ្នកយកបទនេះទៅប្រើប្រាស់ មួយចំនួនគាត់មិនបានដាក់ឈ្មោះម្ចាស់សំនៀងដើមពិតទេ។ យើងខ្ញុំមិនប្រកាន់ទេដោយគិតថាបងប្អូនមិនដឹង តែបន្ទាប់ពីនេះទៅ សូមបងប្អូនមេត្តាជួយបំពេញឈ្មោះបងស្រី ម៉េង កែវពេជ្របុប្ផា ឱ្យបានត្រឹមត្រូវផងដើម្បីជាការផ្តល់កិត្តិយសដល់បងស្រីក្នុងនាមលោកជាម្ចាស់សំនៀងដើម។ សូមអរគុណនូវការចូលរួមដើម្បីរក្សា អភិរក្សធនធានសិល្បៈខ្មែរឱ្យបានគង់វង្សនិងសំបូរបែប ។ ដោយក្តីរាប់អានអំពីនាងខ្ញុំ ម៉េង កែវពេជ្ជតា និងគ្រួសារ ម៉េង កែវ »៕










