California ៖ យោងតាមសារព័ត៌មាន CNN បានរាយការណ៍ថា កាលពីថ្ងៃពុធទី១៥ខែវិច្ឆិកាឆ្នាំ២០២៣នេះ ក្រោមជំនួបមេដឹកនាំកំពូលរវាងប្រទេសមហាអំណាចទាំង២ គឺ លោកស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការជជែកវែកញែកទៅលើកិច្ចព្រមព្រៀងសំខាន់២យ៉ាងគឺ ស្តារទំនាក់ទំនងយោធារវាងប្រទេសទាំង២ និង កិច្ចសហប្រតិបត្តិការលើគោលនយោបាយប្រឆាំងនឹងគ្រឿងញៀន។ ជាលទ្ធផល កិច្ចចរចានេះប្រព្រឹត្តិទៅដោយរលូន ថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងអាមេរិកនិងចិនទៀតផង។
គោលបំណងរបស់លោកចូ បៃឌិននៅក្នុងកិច្ចប្រជុំនេះ គឺលោកចង់ឲ្យមានការស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនឲ្យមានស្ថិរភាពឡើងវិញ បន្ទាប់ពីភាពតានតឹងជាច្រើនខែរវាងប្រទេសមហាអំណាចទាំងពីរនេះ។ នៅមុនពេលកិច្ចចរចា មន្ត្រីអាមេរិកបានមានការព្រួយបារម្ភជាខ្លាំងចំពោះជំនួបលើកនេះ ដោយពួកគេមិនរំពឹងថានឹងទទួលបានលទ្ធផលជាផ្លែផ្កាបែបនេះទេ។ ម៉្យាងវិញទៀត គោលបំណងចម្បងសម្រាប់ការចរចាលើកនេះ ទំនងជាការស្ដារទំនាក់ទំនងយោធារវាងប្រទេសទាំង២ ដើម្បីបញ្ចៀសនូវការភ័ណ្ឌច្រឡំផ្សេងៗ ដែលជាហេតុនាំឲ្យមានជម្លោះកើតឡើងដោយចេតនាឬអចេតនានៅអំឡុងពេលកិច្ចប្រជុំ ក៏ដូចជាថ្ងៃខាងមុខផងដែរ ។
មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយទៀតថា ប្រទេសចិនបានរីករាយសហការតាមកិច្ចព្រមព្រៀងរបស់អាមេរិក ទាក់ទងទៅនឹងការដោះស្រាយរបស់ក្រុមហ៊ុនផលិតសារធាតុគីមី អាភៀនកម្រិតខ្ពស់ ប្រភេទ«fentanyl»ជាសារធាតុញៀនលើសកម្រិតដែលបានជំរុញឱ្យមានវិបត្តិគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក។ អាមេរិកថាខ្លួននឹងតាមឃ្លាំមើលយ៉ាងដិតដល់បន្ថែមទៀតដើម្បីធានាថា តើចិនធ្វើតាមការសន្យាដែលបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលនេះឬក៏អត់។
ម៉្យាងវិញទៀត លោកស៊ី ជីនពីង ក៏បានយល់ស្រមនិងសហការចំពោះយន្តការមួយទៀតផងដែរ ដែលទាក់ទងទៅនឹងការដោះស្រាយដើម្បីបញ្ចៀសការភ័ណ្ឌច្រឡំផ្នែកយោធា ដែលជាការព្រួយបារម្ភដ៏ធំរវាងប្រទេសទាំង២នេះនាពេលកន្លងមក។
លោកបៃឌិន ក៏បានលើកឡើងពីបញ្ហានៅតៃវ៉ាន់ផងដែរថា ចិនគួរតែគោរពសិទ្ធលិទ្ធិប្រជាធិបតីនៅក្នុងការបោះឆ្នោតរបស់ប្រទេសតៃវ៉ាន់នាពេលខាងមុខនេះ។ ខាងប្រទេសចិនក៏បានលើកឡើងដែរថា តៃវ៉ាន់គឺជាទឹកដីមួយរបស់ខ្លួនដែរ ហើយចិនក៏គ្មានបំណងប្រើប្រាស់កម្លាំងប្រដាប់អាវុធទៅលើប្រទេសនេះទេ ដោយពេលខ្លះចិនគ្រាន់តែដាក់ពង្រាយកម្លាំងទ័ពខ្លួនទៅក្នុងប្រទេសនេះឲ្យស្របទៅនឹងលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។
លោកបៃឌិនក៏បានបញ្ជាក់ទៀតថា បើទោះបីជាមានការប្រកួតប្រជែងខ្លាំងរវាងចិននិងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែនឹងធានាបានថាប្រទេសទាំង២នេះនឹងរក្សានូវស្ថិរភាព គ្មានជម្លោះដែលអាចបណ្តាលឲ្យមានសង្គ្រាមនោះទេ ព្រោះប្រទេសទាំង២នេះបានឈ្វែងយល់និងព្រមព្រៀងគ្នាច្បាស់លាស់ហើយ ពីទំនាក់ទំនងទ្វេភាគីក៏ដូចជាកាតព្វកិច្ចរៀងៗខ្លួន។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ផងដែរ ពីបញ្ហាសកលលោកទាក់ទងទៅនឹង បញ្ហាអាកាសធាតុ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ព្រមទាំងបច្ចេកវិទ្យា AI គឺត្រូវតែមានការសហការគ្នាយ៉ាងស៊ីជម្រៅបន្ថែមទៀត រវាងភាគីចិននិងអាមេរិកដោយពុំអាចជៀសបាន៕ CNN










