យើងដឹងហើយថាផែនដី វិលជុំវិញព្រះអាទិត្យ មានរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ ជាមួយនឹងពន្លឺព្រះអាទិត្យប្រហែល ១២ ម៉ោង ហើយម៉ោងដែលនៅសល់នោះគឺជាពេលយប់។ ប៉ុន្តែតើអ្នកដឹងទេថា ប្រទេសទាំង ៦ ខាងក្រោមនេះគឺគ្មានពេលយប់រហូតទៅដល់ ៧០ ថ្ងៃឯណោះ។ ដូច្នេះហើយ តើអំឡុងពេលនោះភាវៈមានជីវិតនឹងរស់នៅបែបណាប្រសិនបើគ្មានពេលយប់បែបនេះ?
១.ប្រទេសន័រវេស (Norway)៖ ន័រវេស គឺជាប្រទេសដែលស្ថិតក្នុងអ័ក្សអាកទិច នឹងត្រូវបានគេស្គាល់ថាជា ដែនដីនៃព្រះអាទិត្យនៅកណ្តាលអធ្រាត។ បាតុភូតនេះនឹងកើតមានឡើងនៅខែឧសភា ដល់ចុងខែកក្កដាដែលមានរយៈពេលដល់ទៅ ៧៦ ថ្ងៃ។ នៅតំបន់ Svalbard ពន្លឺព្រះអាទិត្យនឹងចាប់ផ្តើមរះជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១០ ខែមេសា ដល់ថ្ងៃទី ២៣ ខែសីហា ពោលគឺវាចាប់ផ្តើមរះមុនតំបន់មួយចំនួនក្នុងប្រទេសន័រវេស។
២.ប្រទេសកាណាដា (Canada)៖ នៅក្នុងប្រទេសកាណាដាមានតំបន់មួយឈ្មោះថា NUNAVUT ដែលតំបន់នេះក៏ស្ថិតក្នុងជួររបស់អ័ក្សអាកទិច ២ ដឺក្រេ។ ដូច្នេះ ក្នុងអំឡុងពេល ២ខែ មាន៧ថ្ងៃ ដែលមានពន្លឺព្រះអាទិត្យរហូតគ្មានពេលយប់នោះទេ ប៉ុន្តែបើខែរងារវិញគឺងងឹតឈឹងរយៈពេល ៣០ ថ្ងៃជាប់ៗគ្នាតែម្តង។
៣.ប្រទេសអ៊ីស្លង់ (Iceland)៖ អ៊ីស្លង់ គឺជាប្រទេសដែនកោះដ៏ធំមួយនៅអឺរ៉ុប ហើយក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាប្រទេសដែលគ្មានមូស។ ក្នុងអំឡុងពេលរដូវក្តៅ នៅទីនោះគឺគ្មានពេលយប់នោះទេ ដោយអ្នកអាចឃើញព្រះអាទិត្យច្បាស់ដូចថ្ងៃដែលរាប់ចាប់ពីខែមិថុនា។
៤.តំបន់ BARROW រដ្ឋអាឡាស់ស្កា៖ តំបន់ BARROW រដ្ឋអាឡាស់ស្កានេះស្ថិតនៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលនៅតំបន់នោះពិតជាចម្លែកខ្លាំងណាស់ ព្រោះចាប់ពីចុងខែឧសភា ដល់ចុងខែកក្កដា ព្រះអាទិត្យនឹងមិនរះនោះទេ តែក្រោយមកនៅដើមខែវិច្ឆិកា នោះព្រះអាទិត្យនឹងធ្វើការរះពេញ ៣០ ថ្ងៃតែម្តង។ បាតុភូតនេះ ត្រូវបានគេហៅថា រាត្រីដំបន់ប៉ូល ដោយនៅរដូវរងារក៏វាងងឹងសូន្យឈឹងគ្មានពន្លឺថ្ងៃផងដែរ។
៥.ប្រទេសហ្វាំងឡង់ (Finland)៖ ដែនដីដែលសម្បូរទៅដោយកោះ និងបឹងរាប់ពាន់នេះ គឺគ្មានពេលយប់រយៈពេល ៧៣ ថ្ងៃក្នុងរដូវក្តៅ។ មនុស្សនៅទីនោះចូលចិត្តគេងតិចនៅរដូវក្តៅ និងគេងច្រើននៅរដូវរងារវិញ។ អ្នករស់នៅតំបន់នោះគឺពួកគេចូលចិត្តជិះស្គីទឹកកក និងលំហែកាយក្នុងផ្ទះកញ្ចក់ igloos (Glass iGloos)។
៦.ប្រទេសស៊ុយអែត (Sweden)៖ ចាប់ពីដើមខែឧសភា រហូតដល់ចុងខែសីហា ប្រទេសស៊ុយអ៊ែតនឹងមើលឃើញថ្ងៃលិចនៅពាក់កណ្តាលអធ្រាត្រហើយរះមកវិញប្រហែលម៉ោង ៤ ព្រឹក។ នៅទីនោះ ព្រះអាទិត្យអាចមានវត្តមានថេររហូតដល់ ៦ ខែក្នុង ១ ឆ្នាំ។ ដូច្នេះប្រជាជនដែលរស់នៅតំបន់នោះ តែងតែចំណាយពេលវេលាភាគច្រើនទៅលើការវាយកូនហ្គោល ស្ទូចត្រី និងដំណើរផ្សងព្រេងឡើងភ្នំជាដើម៕










