ប្រទេសថៃ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា មានព្រះពុទ្ធបដិមាចម្លែក១អង្គមានកម្ពស់ជាង១ម៉ែត្រ ដែលត្រូវបានគេតម្កល់ទុកនៅវត្តមួយកន្លែងស្ថិតក្នុងខេត្តណាខនណាយក ប្រទេសថៃ បានចេញស្នាមកន្ទួលតូចៗពេញទាំងអស់ ។ ក្រោយមក ក៏មានការចែកចាយរូបភាពព្រះពុទ្ធបដិមានេះក្នុងបណ្តាញសង្គម ហើយធ្វើឱ្យមនុស្សម្នាជាច្រើននាក់យល់ឃើញខុសៗគ្នា និងមានអ្នកយកធូប ទៀន និងផ្កាមកក្រាបសំពះព្រះពុទ្ធបដិមាដើម្បីសុំលាភសំណាង និងលេខឆ្នោតផងដែរ ។
ព្រះចៅអធិការវត្តបូសកានអរ ស្ថិតក្នុងឃុំថាឆាង ស្រុកមឿង ខេត្តណាខនណាយក មានសង្ឃដីកាថា ព្រះពុទ្ធបដិមានេះព្រះនាម «ព្រះរាំផឹង» គឺជាព្រះប្រចាំថ្ងៃកំណើតថ្ងៃសុក្រ ។ កាលពីឆ្នាំ២០០២ មានញាតិញ៉ោមយកព្រះពុទ្ធបដិមាមកថ្វាយវត្ត ហើយពេលយកមកថ្វាយនោះ គឺព្រះពុទ្ធបដិមាមានសភាពធម្មតាដូចព្រះពុទ្ធបដិមាផ្សេងទៀតដែរ និងគ្មានស្នាមកន្ទួលបែបនេះទេ ។ ប៉ុន្តែរយៈពេលក្រោយមក ស្រាប់តែកើតស្នាមកន្ទួលពេញទាំងអស់ ។
ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «នៅពេលញាតិញ៉ោមយកព្រះពុទ្ធបដិមាមកថ្វាយវត្ត គឺគ្មានស្នាមកន្ទួលបែបនេះទេ ហើយរយៈពេល១ឆ្នាំ ឬ២ឆ្នាំក្រោយការថ្វាយ ស្រាប់តែកើតស្នាមកន្ទួលពេញតែម្តង ។ រឿងនេះ អាត្មាក៏មិនដឹងថា តើវាកើតឡើងដូចម្តេចនោះទេ គឺស្រេចតែលើការយល់ឃើញរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ» ។ ប៉ុន្តែមតិផ្សេងទៀតលើកឡើងថា វាអាចបណ្តាលមកពីការកសាងព្រះពុទ្ធបដិមា ក្រុមជាងបានប្រើប្រាស់វត្ថុធាតុដើមមិនល្អ ទើបបណ្តាលឱ្យខូចខាតបែបនេះ ។
រីឯលោក Pornchai Thiankrajang អាយុ៤១ឆ្នាំ ជាមន្ត្រីសាលាសង្កាត់ថាឆាង ស្រុកមឿង និយាយថា លោក និងអ្នកភូមិបានយកដៃទៅចាប់ព្រះពុទ្ធបដិមានេះឃើញថា មានស្នាមកន្ទួលរឹងតូចៗចេញពីខាងក្នុង និងគួរឱ្យចម្លែកខ្លាំងណាស់ ។ បន្ទាប់មក អ្នកភូមិមួយចំនួនក៏បានយកធូប ទៀន និងផ្កាមកសំពះសុំលេខឆ្នោតដើម្បីផ្សេងសំណងតាមជំនឿរៀងៗខ្លួន ៕ ប្រភព ៖ Morning News










