កញ្ញា ចន សុទីម៉ា បេក្ខភាពតំណាងប្រទេសកម្ពុជាក្នុងការប្រកួត Miss Universe លើកទី៧២ លើទឹកដី El Salvador បានបង្ហាញអារម្មណ៍រំភើបនិងមានកិត្តិយសយ៉ាងខ្លាំងនិងជារឿងដ៏មានតម្លៃគួរឱ្យចងចាំបន្ទាប់ពីបានចូលរួមកម្មវិធី Gala Dinner ជាមួយប្រធានាធិបតី El Salvador។ ជាមួយគ្នានេះផងដែរកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញសារលើកទឹកចិត្តនិងកោតសរសើរពី ចន សុទីម៉ា រួចទាំងផ្តាំឱ្យបវរកញ្ញារូបនេះកុំដាក់សម្ពោធខ្លួនឯងពេក។
នៅលើបណ្តាញសង្គមរបស់ ចន សុទីម៉ា បានបង្ហោះរូបភាព៣សន្លឹកក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតអមជាមួយពាក្យពេចន៍យ៉ាងដូច្នេះថា «ពេលវេលាបែបនេះគឺពិតជាមានតម្លៃគួរឱ្យចងចាំជានិច្ច ខ្ញុំពិតជារំភើប និងមានកិត្តិយសណាស់ដែលបានចូលរួមកម្មវិធី Gala Dinner ជាមួយប្រធានាធិបតី El Salvador»។ ប្រធានាធិបតី El Salvador មានឈ្មោះថា Nayib Bukele បានឡើងជាប្រធានាធិបតីកាលពីខែមិថុនា ឆ្នាំ២០១៩។
ដោយឡែកនៅលើបណ្តាញសង្គមតារាចម្រៀងដ៏ល្បីប្រចាំប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា វិញក៏បានបង្ហោះសរសើរនិងលើកទឹកចិត្តដល់ ចន សុទីម៉ា ក្នុងប្រកួតផងដែរ។ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសេរថា «JOHN SOTIMA You’re The Best បងមានតែពាក្យមួយម៉ាត់ទេគឺ WOW PERFECT មិនមានអ្វីច្រើនទេ ប្អូនមានរូបរាង មុខមាត់ បូករួមទាំងអត្តចរិត នេះគឺជាភាពទាក់ទាញយ៉ាងពិសេស សូមឱ្យប្អូនកាន់តែទទួលបានការគាំទ្រ កុំភិតភ័យណា ធ្វើទៅតាមបែបធម្មជាតិ ដូចដែលប្អូនបានឆ្លងកាត់មកនេះចុះ កុំដាក់សម្ពាធខ្លួនឯងខ្លាំង តែមិនភ្លេចក្តីស្រម៉ៃ និង ការតាំងចិត្ត»។
មិនត្រឹមតែកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា លើកសរសើរនិងលើកទឹកចិត្តដល់ ចន សុទីម៉ា ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសិល្បករ សិល្បការិនី ជាច្រើនរូបទៀតបានចេញវីដេអូលើកទឹកចិត្តទៅដល់ ចន សុទីម៉ា ផងដែរ។
ការជូនពរ និងកម្លាំងចិត្តដ៏ខ្លាំងក្លាពីរៀមច្បង និងអ្នកគាំទ្រនេះជាកត្តាជំរុញឱ្យបវរកញ្ញារូបនេះកាន់តែមានទឹកចិត្តប្រកួត ស្របពេលដែល ចន សុទីម៉ា កំពុងសាងភាពលេចធ្លោជាច្រើននៅក្នុងកម្មវិធី Miss Universe ។
គួរបញ្ជាក់ផងដែរថា ចន សុទីម៉ា បានក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2023 កាលពីយប់ថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៣ ដែលមានបេក្ខភាពសរុបចំនួន៣៥នាក់។ មុនក្លាយជាម្ចាស់មកុដ ចន សុទីម៉ា ធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2017 ជាប់លំដាប់រងទី២ កម្មវិធី Miss Universe Cambodia 2019 ជាប់លំដាប់រងទី២និងធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Tourism International 2019 ៕