ជុំវិញតារាចម្រៀងល្បីឈ្មោះលោក ជី ដេវីត និង ទេព បូព្រឹក្ស ស្លៀកខោគុនខ្មែរតោងដើម្បីល្បីនៅតែមានជាប្រធានបទជជែកលើបណ្តាញសង្គម ខណៈលោក រស់ កុសល ឪពុកតារាចម្រៀង ជី ដេវីត លើកឡើងយ៉ាងខ្លីដាក់អ្នករិះគន់កូនប្រុសខ្លួនស្តាប់ហើយអាចចុកឈាមក៏ថាបាន។នៅល្ងាចថ្ងៃទី១៤ វិច្ឆិកា លោក រស់ កុសល ត្រូវជាឪពុករបស់តារាចម្រៀង ជី ដេវីត បានសរសេរបង្ហោះលើបណ្តាញសង្គមថា «g devithតោងគុនខ្មែរ តោងក៏តោងទៅគុនខ្មែររបស់ដូនតាគាត់ អ្នកខ្លះខំរិះគន់ដើម្បីប្រម៉ូតទីផ្សារការពិតចេតនាតោងg devithសោះទាំងដែល g devithមិនមែនដូនតាគាត់ផង»។
ការលើកឡើងខាងលើរបស់ឪពុកតារាចម្រៀងល្បីឈ្មោះរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការពេញចិត្តយ៉ាងខ្លាំងរហូតសរសេរថា ជាឪពុកគុណភាព ព្រោះពាក្យសម្តីដែលលោក រស់ កុសល សរសេរនេះពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ខ្លីពិតតែខ្លឹម។ អ្នកខ្លះទៀតក៏បានលើកឡើងទៀតថា អ្នកដែលរិះគន់ ជី ដេវីត រឿងតោងគុនខ្មែរដើម្បីល្បីបើឃើញប្រយោគនេះហើយអាចចុកឈាមក៏ថាបាន ខណៈមានមតិលើកឡើងទៀតថា តារាចម្រៀង ជី ដេវីត ធ្វើអ្វីក៏ខុសទាំងរូបគេមានគោលបំណងលើកស្ទួយគុនខ្មែរទៅកាន់ពិភពលោកសោះក៏ខុសដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងមកថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត បានស្លៀកខោគុនខ្មែរក្នុងកម្មវិធីរត់ និងកម្មវិធីប្រគំតន្រ្តី ដោយ ជី ដេវីត ថែមទាំងបានថតVlog ជាមួយDJ Soda ស្លៀកខោគុនខ្មែរទៀត។ ទោះយ៉ាងណា ការស្លៀកខោមានពាក្យថាគុនខ្មែរនេះ បែរជាត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនខម្មិនថាពួកគេតោងគុនខ្មែរដើម្បីល្បីទៅវិញជាហេតុធ្វើឱ្យមានការជជែកវែកច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕