អង្គការដើម្បីភាពញញឹមនៃកុមារឬហៅកាត់ថា PSE បានទម្លាយឱ្យដឹងថាតារាចម្រៀង Lisa សមាជិក BLACKPINK បានផ្ញើសារលើកទឹកចិត្តដល់យុវជននិងអ្នកគាំទ្រកម្ពុជាមិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិត។ ការផ្ញើសារនេះបន្ទាប់ពីឪពុក Lisa បានមកទស្សនៈកិច្ចនៅកម្ពុជាតាមរយៈក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីស។
ក្នុងសំណេររបស់ Lisa ផ្ញើជូនមកដល់យុវជនកម្ពុជាមានខ្លឹមសារថា «ជម្រាបសួរអ្នកទាំងអស់គ្នា! នាងខ្ញុំ “Lisa” សមាជិកនៃក្រុម “???????????????????? ????????????????” នាងខ្ញុំក៏សូមជម្រាបសួរទៅកាន់អ្នកគាំទ្រ និងមិត្តភ័ក្ដិទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសប្អូនៗ និងយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។
អ្វីៗគ្រប់យ៉ាងដែលជាផែនការ និងក្ដីស្រមៃរបស់អ្នកនាថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវចងចាំជានិច្ចថា៖ មិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។”
នាងខ្ញុំក៏ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជាច្រើន(វិជ្ជមាន និងអវិជ្ជមាន) រាប់មិនអស់អំឡុងពេលហ្វឹកហាត់ផ្ទាល់របស់ខ្ញុំ ប៉ុន្ដែនាងខ្ញុំតែងតែជំនះរាល់ឧបសគ្គទាំងអស់នោះតាមរយៈ៖ ការទទួលបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ភាពរឹងមាំ និងក្ដីសង្ឃឹមប្រកបដោយវិជ្ជមានក្នុងជីវិត។
នាងខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យគ្រប់កិច្ចការពីខ្ញុំ Lisa។
អង្គការដើម្បីភាពញញឹមនៃកុមារ បានបញ្ជាក់ថា កាលពីសប្ដាហ៍មុន អង្គការ PSE បានទទួលស្វាគមន៍ដំណើរមកដល់នៃក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីសរយៈពេលពេញមួយសប្ដាហ៍ក្នុងមណ្ឌលដោយផ្ទាល់។ ក្នុងចំណោមក្រុមការងារប្រទេសស្វីស ក្នុងនោះក៏មានវត្តមាន Chef Marco Brüschweiler ដែលជាឪពុករបស់Lisa សិល្បៈការិនី និងជាតារាចម្រៀងកូរ៉េដ៏ល្បីល្បាញនៃក្រុម BLACKPINK ។ Chef Marco បានមកទស្សនាមណ្ឌលដោយផ្ទាល់ ចូលរួមចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយសិស្សមកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ និងដំណើរទស្សនកិច្ចទៅកាន់សហគមន៍របស់យើងដូចគ្នា។
អង្គការ PSE បានបញ្ជាក់ទៀតថាជាមួយសារលើកទឹកចិត្ត Lisa ចូលរួមជាជំនួយផ្ទាល់ខ្លួន មកកាន់យុទ្ធនាការសប្បុរសធម៌ ខណៈអង្គការសង្ឃឹមយ៉ាងមុតមាំនាពេលអនាគត Lisa នឹងអញ្ជើញមកផ្ទាល់នៅមណ្ឌលផងដែរ៕










