ត្រចៀក គឺជាអវយវៈដែលមានតួនាទីយ៉ាងច្រើនក្នុងពេលតែមួយ ទាំងការទទួលរលកសំឡេងដែលមកពីខាងក្រៅ និងបំប្លែងជាសញ្ញា បញ្ជូនបន្តទៅខួរក្បាល និងថែមទាំងជួយគ្រប់គ្រងការទប់លំនឹងខ្លួនខណៈរាងកាយធ្វើចលនាទៀតផង។ ដូច្នេះ កាលណាដែលមានសត្វល្អិតឬវត្ថុតូចៗចូលទៅក្នុងត្រចៀកអាចបណ្តាលឱ្យមានអាការខុសប្រក្រតីដូចជា បាត់បង់លំនឹងខ្លួន ឬហឹងត្រចៀក ក៏ដូចជាប្រឈមនឹងការឈឺចាប់ រួមទាំងបង្កឱ្យមានមេរោគមួយចំនួនចូលទៅក្នុងត្រចៀកទៀតផង។
ហេតុនេះហើយ ប្រសិនជាមានវត្ថុអ្វីចម្លែក ឬមានសត្វល្អិតចូលទៅក្នុងត្រចៀក តើយើងគួរធ្វើយ៉ាងណាដើម្បីយកវត្ថុឬសត្វល្អិតទាំងនោះចេញពីត្រចៀកដោយសុវត្ថិភាព?
សត្វល្អិតដែលអាចចូលទៅក្នុងត្រចៀកបានមានច្រើនប្រភេទដូចជា ស្រមោច មមង់ ចៃឆ្កែ រុយ ឬកូនកន្លាតជាដើម ហើយវិធីសង្គ្រោះបឋមមានដូចតទៅ៖
១.បើមានសត្វល្អិតចូលត្រចៀក គួរប្រញាប់ផ្អៀងក្បាលទៅកន្លែងដែលសត្វទាំងនោះចូល រួចយកប្រេងច័ន្ទ ឬប្រេងម្កាក់ ឬថ្នាំដាក់ត្រចៀក បន្តក់ចូលទៅក្នុងត្រចៀក ដោយទាញស្លឹកត្រចៀកទៅក្រោយ ដើម្បីឱ្យរន្ធត្រចៀកត្រង់ចុះទៅក្រោម បន្ទាប់មករង់ចាំ ១៥-៣០ នាទីដើម្បីងាយស្រួលឱ្យសត្វល្អិតអាចវារឡើង ឬអណ្តែតឡើងវិញមកបាន។
២.បើសិនជាមានសត្វល្អិតចូលត្រចៀកហើយមានអាការឈឺចាប់ក្នុងត្រចៀក មិនគួរបន្តក់ប្រេងអ្វីចូលក្នុងត្រចៀកទាំងអស់ ព្រោះអាចនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង និងថែមទាំងមិនត្រូវយកម្រាមដៃ ឬរបស់អ្វី ខ្វេះ ឬខ្វារត្រចៀកឡើយ ព្រោះអាចនឹងធ្វើឱ្យសត្វល្អិតនោះ កាន់តែធ្លាក់ចូលទៅជ្រៅជាងមុន និងអាចបណ្តាលឱ្យមានបញ្ហាដល់ក្រដាសត្រចៀកទៀតផង។ ដូច្នេះវិធីល្អ គួរតែបញ្ចាំងភ្លើងពិលចូលទៅក្នុងរន្ធត្រចៀកមួយស្របក់ ប៉ុន្តែវិធីនេះត្រូវស្ថិតនៅក្នុងទីកន្លែងដែលងងឹតគ្មានពន្លឺអ្វីទាំងអស់ទើបមានប្រសិទ្ធភាព។
៣.ប្រសិនបើអ្នកធ្វើគ្រប់វិធីខាងលើហើយ សត្វល្អិតនៅតែមិនចេញមកវិញទៀត ឬមានអាការផ្សេងទៀតជ្រៀតជ្រែកដូចជា ឈឺត្រចៀកធ្ងន់ធ្ងរ មានឈាម ឬទឹកហូរចេញមកពីក្នុងត្រចៀក និងហឹងរហូតស្តាប់អ្វីមិនឮនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំបណ្តែតបណ្តោយយូរ ព្រោះអាចកើតការឆ្លងមេរោគ រហូតបណ្តាលឱ្យមានអាការធ្ងន់ធ្ងរបាន៕