ចេក គឺជាផ្លែឈើរហ័សទុំ ហើយជាទូទៅ វានឹងទុំក្នុងរយៈពេលពី២ថ្ងៃ ទៅ៣ថ្ងៃ ក្រោយពីយើងបានកាត់វាពីដើម ។ បើទុកដាក់វាមិនត្រឹមត្រូវតាមក្បួនខ្នាតនោះទេ គឺអាចធ្វើឱ្យវាឆាប់ទុំ និងរលួយស្អុយបាន ។
មនុស្សភាគច្រើនតែងជួបបញ្ហាទិញចេកមកមិនបានប៉ុន្មានថ្ងៃផង វាក៏ទុំរហូតដល់បរិភោគមិនទាន់ ហើយបើបោះចោលក៏ស្តាយ ។ តើគួររក្សាទុកផ្លែចេកតាមវិធីណាដើម្បីកុំឱ្យវាឆាប់ទុំ?
*ទុកផ្លែចេកនៅកន្លែងត្រជាក់ និងស្ងួត ៖ សីតុណ្ហភាពសមស្របសម្រាប់ទុកចេកនៅកន្លែងណាមួយ គឺចាប់ពី១៣អង្សារសេ ទៅ១៨អង្សារសេ ។ ការទុកចេកនៅកន្លែងត្រជាក់ វានឹងជួយកុំឱ្យវាឆាប់ទុំ ។
*ទុកចេកឱ្យឆ្ងាយពីពន្លឺថ្ងៃ ៖ ពន្លឺថ្ងៃ គឺជាកម្លាំងជំរុញឱ្យចេករហ័សទុំ ។ ដូច្នេះ យើងគួរតែចៀសវាងទុកចេកនៅកន្លែងណាដែលត្រូវពន្លឺថ្ងៃ ។
*រុំគល់ផ្លែចេក ៖ គល់ផ្លែចេក គឺជាកន្លែងបញ្ចេញឧស្ម័នអេទីឡែន ដែលឧស្ម័ននេះជាកម្លាំងជំរុញឱ្យចេករហ័សទុំ ។ ដូច្នេះ យើងត្រូវរុំវាដោយថង់ផ្លាស្ទិក ឬក្រដាស ដើម្បីជួយការពារមិនឱ្យឧស្ម័នអេទីឡែនចេញមកខាងក្រៅ ។
*ដាក់ចេកឱ្យនៅដាច់ដោយឡែកពីគ្នា ៖ ចេកដែលទុំហើយ វានឹងបញ្ចេញឧស្ម័នអេទីឡែនមកខាងក្រៅ ។ ហេតុនេះ ការទុកចេកទុំ និងចេកមិនទាន់ទុំឱ្យនៅជាមួយគ្នា វានឹងធ្វើឱ្យចេកផ្សេងទៀតកាន់តែឆាប់ទុំ ។ ការដាក់ចេកឱ្យនៅដាច់ដោយឡែកពីគ្នា នឹងជួយឱ្យឧស្ម័នអេទីឡែនចេញមកខាងក្រៅតិចជាងមុន ។
*ដាក់ចេកក្នុងទូរទឹកកក ៖ បើត្រូវការរក្សាទុកចេកឱ្យបានយូរថ្ងៃ យើងអាចទុកវាក្នុងទូរទឹកកកបាន ពីព្រោះសីតុណ្ហភាពក្នុងទូរទឹកកក នឹងជួយកុំឱ្យវាទុំឆាប់រហ័សពេក ។ ហេតុនេះ យើងអាចទុកវាចូលក្នុងថង់ផ្លាស្ទិក ឬឧបករណ៍បិទជិត ដើម្បីការពារមិនឱ្យចេកស្ងួត ។
ខាងក្រោមនេះ គឺជាគន្លឹះរក្សាទុកផ្លែចេកឱ្យបានយូរថ្ងៃ ៖
*ជ្រើសយកផ្លែចេកណានៅស្រគាល ៖ ចេកស្រគាលដែលមិនទាន់ទុំខ្លាំង វានឹងមិនងាយទុំជោរនោះទេ ។
*ចៀសវាងទុកចេកនៅក្បែរផ្លែឈើផ្សេងទៀត ៖ ផ្លែឈើមួយចំនួន ដូចជា ផ្លែប៉ោម, ផ្លែប័រ និងស្វាយ តែងបញ្ចេញឧស្ម័នអេទីឡែនមកខាងក្រៅ ។ ដូច្នេះ ការទុកចេកនៅក្បែរផ្លែឈើទាំងនេះ នឹងធ្វើឱ្យចេកកាន់តែឆាប់ទុំជោរ ។
*ពិនិត្យមើលចេកជារៀងរាល់ថ្ងៃ ៖ បើពិនិត្យឃើញថា ចេករបស់យើងចាប់ផ្តើមទុំហើយ យើងត្រូវប្រញាប់បរិភោគវា ឬយកវាមកធ្វើជាបង្អែម និងនំចំណីផ្សេងៗ ។
សរុបមក វិធីទាំងនេះនឹងជួយឱ្យយើងអាចរក្សាទុកផ្លែចេកបានកាន់តែយូរថ្ងៃ ហើយយើងអាចបរិភោគផ្លែចេកស្រស់ៗបានយូរផងដែរ ៕ ប្រភព ៖ sanook










