បរទេស៖ ប្រទេសចិននឹងចាប់ផ្តើមសាងសង់បន្ទប់ពិសោធន៍សម្រាប់ធ្វើការស្រាវជ្រាវទឹកសមុទ្រជ្រៅរលកខ្យល់ខ្នាតធំដំបូងគេរបស់ពិភពលោកដែលមានទទឹង ១៦,០០០ ម៉ែត្រការ៉េ ដោយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២៦។
យោងតាមប្រភពព័ត៌មាន China Daily ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកាថា មន្ទីរពិសោធន៍ទឹកជ្រៅរលកខ្យល់ទ្រង់ទ្រាយធំបានចាប់ផ្តើមសាងសង់នៅទីក្រុងឆ្នេរសមុទ្រ Dalian ខេត្ត Liaoning ភាគឦសានប្រទេសចិន។ គម្រោងនេះមានផ្ទៃដីសរុប ១៦,០០០ ម៉ែត្រការ៉េ និងជាន់ផ្ទាល់ដី ៨,១០០ ម៉ែត្រការ៉េ ដោយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២៦។
លោក Lyu Lin អនុប្រធានសាលាវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Dalian បាននិយាយថា គ្រឿងបរិក្ខារ និងជាកត្តាសំខាន់ដែលត្រូវតែយកមកពិចារណាក្នុងការរចនា និងប្រតិបត្តិការនៃវិស្វកម្មនៅឈូងសមុទ្រ។
មន្ទីរពិសោធន៍នេះក៏នឹងផ្តល់នូវលក្ខខណ្ឌស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍន៍លំដាប់ទីមួយ រួមជាមួយសេវាកម្មបច្ចេកទេសគុណភាពខ្ពស់សម្រាប់តម្រូវការជាតិសំខាន់ៗ ដូចជាការអភិវឌ្ឍន៍ធនធានប្រេង និងឧស្ម័ននៅសមុទ្រជ្រៅ ការប្រើប្រាស់ថាមពលកកើតឡើងវិញនៅឈូងសមុទ្រ និងការសាងសង់ស្ពានឆ្លងកាត់សមុទ្រធំៗ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាដើម។
ទោះជាយ៉ាងណា ការអភិវឌ្ឍន៍ធនធានប្រេង និងឧស្ម័ននៅសមុទ្រជ្រៅក៏ជាតម្រូវការដ៏សំខាន់មួយរបស់ប្រទេសផងដែរ។ កាលពីខែឧសភា សាជីវកម្មប្រេងឈូងសមុទ្រជាតិចិន (CNOOC) បានប្រកាសថា ខ្លួនបានបញ្ចប់ការដំឡើងផ្នែកអណ្តែតទឹកនៃកន្លែងខួងអណ្តូងប្រេង ១៥,០០០ តោន ដែលនេះជាកន្លែងខួងយកប្រេងធំបំផុតរបស់ចិន ដោយមានប្រវែង ៩៥ ម៉ែត្រ និងទទឹង ៤០ ម៉ែត្រ ផ្ទៃរបស់ Rig គឺស្មើនឹងទីលានបាល់បោះចំនួន ៩៕










