ក្រោយពីមាននារីម្នាក់ចេញមកជីកកាយរឿងអតីតកាលគូដណ្តឹងរបស់ខ្លួនថែមទាំងបន្ថែមពាក្យថា «ទឹកចិត្តមិនឈ្នះទឹកលុយ» លោកស្រី ទ្រី ដាណា ថាបើនៅបន្តបង្ហោះដូចនេះទៀតនឹងលេងវិធានការតាមផ្លូវច្បាប់ទៅលើនារីម្នាក់នោះដែលព្យាយាមធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ខ្លួន។ អ្នកជំនួញរូបនេះថែមទាំងបោះពាក្យថា«របស់គេ»គឺខ្លួនមិនខ្ចីប៉ះឡើយសមត្ថភាពរបស់ខ្លួនប៉ុណ្ណឹងដែរមិនយកលុយទៅទិញប្តីនោះទេ។
ទន្ទឹមនឹងដំណឹងនៃការភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា អ្នកជំនួញអនឡាញ និងជាថៅកែពេជ្រ ជាមួយលោក រស់ រាជ្ជសាល ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងណាការភ្ជាប់ពាក្យរបស់អ្នកទាំងពីរបានធ្វើឱ្យនារីម្នាក់ចេញមកបង្ហោះរូបភាពជាមួយគូដណ្តឹងលោកស្រី ទ្រី ដាណា ដោយភ្ជាប់ជាមួយសំណេរថា «គ្មានអ្វីដែលល្អជាងភាពស្ងប់ស្ងាត់ ព្រោះមិនចាំបាច់ហត់រត់តាមគ្រប់រឿងដែលបានកើតឡើង។ ជូនពរបងឱ្យមានសុភមង្គលនិងក្តីសុខពិតប្រាកដដែលបងចង់បាន រស់ រាជ្ជសាល ទឹកចិត្តមិនឈ្នះទឹកលុយ»។
សំណេរ ទឹកចិត្តមិនឈ្នះទឹកលុយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងទៅនារីនោះដែលគេគិតថាគឺជាអតីតគូស្នេហ៍របស់លោក រាជ្ជសាល ដែលបង្ហាញអារម្មណ៍ឈឺចាប់ព្រោះបាត់បង់គូស្នេហ៍។
ក្រោយពីនារីរូបនោះចេញមកបោះសម្តីដូចនេះហើយលោកស្រី ទ្រី ដាណា បានLive នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១០ វិចិ្ឆកា ថាបើនៅមានចេតនាបង្ហោះទៀតនឹងនិយាយជាមួយមេធាវីហើយ ពីមុនរឿងគូដំណឹងរបស់ខ្លួនមិនដែលខ្វាយខ្វល់ទេ ប៉ុន្តែពេលនេះជិតក្លាយជាប្តីរបស់ខ្លួនហើយ ដូច្នេះរឿងគូដណ្តឹងរបស់ខ្លួនក៏ដូចជារឿងខ្លួនដែរបើអ្នកប៉ះពាល់ដល់គ្រួសារ ឬប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនគឺមានសិទ្ធិរើបម្រាស់ហើយកុំថារូបនាងអាក្រក់ព្រោះខ្លួនក៏មានកិត្តិយសដែរ។
អ្នកលក់ពេជ្ររូបនេះបន្តទៀតថា សមត្ថភាពរបស់ខ្លួនប៉ុណ្ណឹងដែរមិនដែលយកលុយទៅទិញប្តីនោះទេ ហើយកុំសរសេរយកទឹកលុយទិញទឹកចិត្តនិយាយបែបនេះគឺខុសហើយ មនុស្សប្រុសបើគេស្រលាញ់យើងដណ្តឹងយើងការហើយ។ លោកស្រី ទ្រី ដាណា ថា របស់គេគឺមិនប៉ះតែម្តង។
គួរបញ្ជាក់ថា នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ទ្រី ដាណា បានភ្ជាប់ពាក្យជាមួយលោក រស់ រាជ្ជសាល ដែលជាអតីតតារាម៉ូដែលមួយរូប។ លោក រស់ រាជ្ជសាល ក៏បាននិយាយថាការសម្រេចជ្រើសយកលោកស្រីជាគូអនាគតនេះគឺដោយសារទំហំអាណិតធំជាងក្តីស្រលាញ់ព្រោះតែប្រវត្តិរបស់លោកស្រី ទ្រី ដាណា កំសត់ពេក៕










