កាលពីកន្លងទៅនេះតារាចម្រៀង តន់ ចន្ទសីម៉ា រងនូវមតិរិះគន់ពេលបកស្រាយបទ Cover អង់គ្លេសច្រៀងមិនត្រូវតុងដោយសារខ្លាចជាប់ copyright ខណៈនាងធ្លាប់ពន្យល់ថាជាការហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះមិនផ្លូវការនោះទេ។ ទោះយ៉ាងណាពាក្យសម្តីអ្នកលេងបណ្តាញសង្គមចាប់ផ្តើមផ្ទុះម្តងទៀតបន្ទាប់ពី សីម៉ា បានបង្ហោះវីដេអូច្រៀងជាភាសាអង់គ្លេសខ្លីៗជាបន្តបន្ទាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅលើបណ្តាញសង្គមទិកតុករបស់ តន់ ចន្ទសីម៉ា បង្ហោះវីដេអូខ្លីមួយប្រមាណ២៧វិនាទី ដោយការបកស្រាយជាភាសាអង់គ្លេសទៅលើបទចម្រៀងមួយបទមានចំណងជើងថា «flashlight » រួមទាំងបទចម្រៀងមួយចំនួនទៀត។ ការវិលត្រលប់មកបកស្រាយCoverជាភាសាអង់គ្លេសខ្លីៗនេះដែរអ្នកលេងបណ្តាញសង្គមក៏បានបញ្ចេញមតិវែកញែកនូវភាសាដែលតារាចម្រៀងប្រចាំផលិតហ្គាឡាក់ស៊ីរូបនេះបង្ហើរសំឡេងផងដែរ។
អ្នកប្រើប្រាស់អ៊ីនធឺណែត បានបញ្ចេញមតិថា «បាត់យូរលូវទៀត, តុងពេកហើយយម៉ា,មិនគួរណាឃើញ video នេះសោះ, Idol យើងមកទៀតហើយ , ច្រៀងតែបទខ្មែរឱ្យតែស្តាប់បានសិនទៅ ..សុំអង្វរច្រៀងបទខ្មែរទៅពីរោះជាង សីម៉ា»។ ទោះយ៉ាងណាក៏ដោយទន្ទឹមនឹងការបញ្ចេញមតិបញ្ឆិតបញ្ឆៀតបែបនេះក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បង្ហាញនូវសេចក្តីស្រលាញ់ដល់តារាចម្រៀងរូបនេះផងដែរ។
គេចាំបានដែរថា កាលពីកន្លងទៅ តន់ ចន្ទសីម៉ា ធ្លាប់បានប្រាប់ទស្សនិកជនថា ការច្រៀងCoverបទជាភាសាអង់គ្លេសនាដែលមហាជនរិះគន់ពីការប្រើប្រាស់ពាក្យពេចន៍ភាសាមិនច្បាស់នេះថាជាការហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះ មិនមែនច្រៀងជាផ្លូវការនោះទេដោយថ្នាក់ដឹកនាំឱ្យនាងរៀនច្រៀងដើម្បីទទួលបានបទពិសោធន៍ ខណៈនាងហាត់ច្រៀងភាសាបរទេសជាង១ពាន់បទ ជិត ១០ ភាសា។
ទោះយ៉ាងណាក៏ដោយចាប់តាំងពីមានរឿងអាស្រូវមកប្រជាប្រិយភាពរបស់ តន់ ចន្ទសីម៉ា ហាក់មិនសុវត្ថិភាពនោះទេជាក់ស្តែងកាលពីកន្លងទៅនេះ តន់ ចន្ទសីម៉ា និងតារាជាច្រើនរូបទៀតក្នុងទ្រនំហ្គាឡាក់ស៊ីដែលចេញទៅសម្តែងនៅប្រទេសកូរ៉េខាងត្បូងធ្លាយដំណឹងថាមិនសូវទទួលបានការគាំទ្រនោះទេ៕










