បរទេស៖ លោក Mr Beast ដែលជា YouTuber ដ៏ល្បីល្បាញម្នាក់នៅសហរដ្ឋអាមេរិក បានសាងសង់អណ្តូងទឹកស្អាតចំនួន ១០០ សម្រាប់ជនជាតិអាហ្វ្រិក ប៉ុន្តែត្រូវបានអាជ្ញាធរកេនយ៉ារិះគន់ថា គាត់កំពុងមើលងាយរដ្ឋាភិបាលរបស់ជនជាតិអាហ្វ្រិក។
យោងតាមគេហទំព័រ CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ៨ ខែវិច្ឆិកាថា លោក Mr Beast ដែលមានឈ្មោះពិតថា Jimmy Donaldson បានសាងសង់អណ្តូងទឹកស្អាតចំនួន ១០០ ដើម្បីផ្តល់ជូនប្រជាជនជាង ៥០០,០០០ នាក់នៅក្នុងប្រទេសកាមេរូន កេនយ៉ា សូម៉ាលី អ៊ូហ្គង់ដា និងហ្ស៊ីមបាវ៉េ នៃទ្វីបអាហ្រ្វិក។
បន្ថែមពីលើនេះ លោក Donaldson (MrBeast) ក៏បានផ្តល់ជូននូវឧបករណ៍មួយចំនួនដូចជាគ្រឿងសង្ហារឹមថ្មីៗ បាល់ទាត់ កុំព្យូទ័រ ក្តារខៀន និងម៉ាស៊ីនបញ្ចាំងទៅឱ្យសាលារៀនមួយកន្លែងនៅប្រទេសកេនយ៉ាផងដែរ ។ លើសពីនេះពួកគេក៏ជួយសាងសង់ស្ពានរវាងភូមិ និងសាលារៀន ក៏ដូចជាមន្ទីរពេទ្យ រួមជាមួយនឹងបរិច្ចាគកង់ជាច្រើន ដើម្បីជួយកុមារនៅក្នុងភូមិ Zimbabwean ធ្វើដំណើរទៅសាលារៀនប្រកបដោយសុវត្ថិភាព។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់កេនយ៉ាបានសម្តែងនូវការមិនពេញចិត្ត ដោយរិះគន់ថា ការថតវីដេអូបង្ហោះជាសារធារណៈនេះ បានធ្វើឱ្យមនុស្សជាច្រើនគិតថា ប្រទេសកេនយ៉ាជាប្រទេសអ្នកសុំទាន។ ពួកគេក៏បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលកេនយ៉ា មានប្រាក់គ្រប់គ្រាន់ដើម្បីជួយប្រជាពលរដ្ឋរបស់ខ្លួនហើយ ដូច្នេះមិនត្រូវការនរណាមកចែកអំណោយយកមុខនោះទេ។ ទន្ទឹមនឹងនោះប្រភព CNN ក៏បានធ្វើការទាក់ទងទៅរដ្ឋាភិបាលកេនយ៉ា ដើម្បីសាកសួរអំពីបញ្ហាបែបនេះបន្ថែមទៀត ប៉ុន្តែនៅមិនទាន់មាននរណាឆ្លើយតបមកវិញនោះទេ។
គួរបញ្ជាក់ដែរថា កន្លងទៅកាលពីខែឧសភា ឆ្នាំ២០២៣ លោក Jimmy Donaldson ដែលត្រូវបានគេស្គាល់ថាជា Mr Beast ក៏បានបរិច្ចាគជើងសិប្បនិម្មិតចំនួន ២,០០០ ដើម្បីផ្តល់ឱ្យកុមារពិការកម្ពុជាផងដែរ។ លើសពីនេះលោកក៏បានចំណាយសម្រាប់ការវះកាត់ដើម្បីជួយ ‘មនុស្សពិការភ្នែករាប់ពាន់នាក់’ ឱ្យមើលឃើញឡើងវិញ នឹងបានចែកស្បែកជើងដល់កុមារក្រីក្រ រួមទាំងជួយរើសសំរាម និងជួយដាំដើមឈើទៀតផង៕