ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានហេតុការណ៍រញ្ជួយដីកម្រិត៤.៧វ៉ិចទ័រ នៅឃុំវឿងនឿ ស្រុកប៉ាយ ខេត្តម៉េហុងសន ប្រទេសថៃ ដែលមានជម្រៅ២គីឡូម៉ែត្រ ។ ចំណែកតំបន់នៅជុំវិញនោះ រួមទាំងនៅតាមបណ្តាស្រុកផ្សេងៗរបស់ខេត្តឈៀងម៉ៃ ក៏បានទទួលកម្លាំងរំញ័រផងដែរ ។ ក្រោយហេតុការណ៍រញ្ជួយដី មន្ត្រីការិយាល័យធារាសាស្ត្រ និងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលទំនប់ទឹកនានា ហើយឃើញថា ទំនប់ទឹកមិនបានរងផលប៉ះពាល់ដោយសាររញ្ជួយដីទេ ។

លោក Worapot Phetnarachat ប្រធានការិយាល័យធារាសាស្ត្រទី៣ រួមទាំងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលនៅតាមទំនប់ និងអាងស្តុកទឹកនានា ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ការិយាល័យធារាសាស្ត្រ ដើម្បីរាយការណ៍ព័ត៌មានប្រាប់ពលរដ្ឋរស់នៅតំបន់ក្រោមទំនប់ទឹក ឱ្យមានទំនុកចិត្ត និងជឿជាក់លើសុវត្ថិភាព ។

ដូចគ្នានេះ លោក Atthaya Annopphet ប្រធានគម្រោងដឹកជញ្ជូន និងថែទាំទំនប់ទឹក ព្រមទាំងមន្ត្រីនានាបានចុះក្នុងតំបន់ និងដើរពិនិត្យមើលដោយផ្ទាល់ភ្នែកនៅតំបន់ចំនួន៣ របស់ទំនប់មេគួងឧត្តមថារ៉ា (គឺទំនប់ខាងស្តាំ, ខាងឆ្វេង និងទំនប់ធំ) គឺមិនឃើញមានអ្វីខុសប្លែក ដូចជា ស្នាមប្រេះ ឬជ្រាបទឹកទេ ហើយទំនប់ទឹកទាំងអស់មានសភាពធម្មតា និងសុវត្ថិភាព ។ បន្ទាប់មក ក្រុមមន្ត្រីក៏បានដាក់លិខិតទៅកាន់ស្ថាប័នពាក់ព័ន្ធ និងជូនដំណឹងឱ្យពលរដ្ឋបានជ្រាបផងដែរ ។

រីឯលោក Suphamit Kritsanamit ប្រធាននាយកដ្ឋានគ្រប់គ្រងសុវត្ថិភាពទំនប់ និងធារាសាស្ត្រ បានរាយការណ៍ពីស្ថានភាពទំនប់ទឹកក្រោយកើតរញ្ជួយដីនៅខេត្តម៉េហុងសន ថា ទំនប់ទឹកនានាមានសភាពធម្មតា និងមានសុវត្ថិភាព ។

ពលរដ្ឋរស់នៅក្នុងតំបន់ខាងក្រោមទំនប់ទឹកជឿជាក់ថា គ្រោះរញ្ជួយដីមិនបានធ្វើឱ្យប៉ះពាល់ដល់ទំនប់ទឹកទាំងនេះទេ ព្រោះទំនប់ទឹកអាចទប់ទល់នឹងកម្លាំងរំញ័រដោយសារគ្រោះរញ្ជួយដីបាន ។ កន្លងមក ការិយាល័យធារាសាស្ត្របានចុះមកត្រួតពិនិត្យទំនប់ទឹកនានាជាប្រចាំ មិនថាស្ថានការណ៍ធម្មតា ឬមានស្ថានការណ៍រញ្ជួយដី ៕ชลประทาน รับมือเขื่อนอุบลรัตน์ เต็มความจุ เฝ้าระวังอย่างใกล้ชิด ប្រភព ៖ work point news