ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គេសង្កេតឃើញពលរដ្ឋរស់នៅខេត្តពិជិត ប្រទេសថៃ នាំគ្នាយកយានជំនិះទៅចាក់ប្រេងនៅតាមស្ថានីយចាក់ប្រេងនានាតាំងពីព្រឹកព្រលឹម រហូតដល់ប្រេងសរុបប្រមាណជាង១ម៉ឺនលីត្រអស់ពីស្តុក ។ បុគ្គលិកបម្រើការក្នុងស្ថានីយចាក់ប្រេងមួយកន្លែងនិយាយថា ប្រេងសម្រាប់លក់ឱ្យអតិថិជននៅពេលនេះមិនគ្រប់គ្រាន់ទេ ដោយសារអតិថិជនមកចាក់ប្រេងច្រើន ។
ស្ថានការណ៍ដូចគ្នានេះ ក៏បានកើតឡើងនៅស្ថានីយចាក់ប្រេងនៅស្រុកមឿងកំផែងពេជ្រ ផងដែរ ។ អតិថិជននិយាយថា ខ្លួនបានយកម៉ូតូទៅចាក់ប្រេងនៅតាមស្ថានីយចាក់ប្រេងចំនួន៣កន្លែងហើយ ប៉ុន្តែស្ថានីយចាក់ប្រេងទាំងនេះប្រាប់ថា ប្រេងលក់អស់ពីស្តុកហើយ តាំងពីតម្លៃប្រេងធ្លាក់ចុះមក ។
ចំណែកនៅខេត្តពិស្នុលោក បុគ្គលិកធ្វើការនៅក្នុងស្ថានីយចាក់ប្រេងប្រាប់ថា ពេលតម្លៃប្រេងនៅប្រទេសថៃធ្លាក់ចុះបែបនេះ ការទិញប្រេងមកស្តុកទុកនៅស្ថានីយចាក់ប្រេង គឺត្រូវកក់មុនជាច្រើនថ្ងៃ ។ ចំណែកការដឹកជញ្ជូនប្រេងមានសភាពយឺតយ៉ាវ ប៉ុន្តែបុគ្គលិកធ្វើការក្នុងស្ថានីយចាក់ប្រេងរូបនេះជឿថា វានឹងប៉ះពាល់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ។
ដូចគ្នានេះ នៅខេត្តមហាសារ៉ាខាម ពលរដ្ឋបានយកយានជំនិះរបស់ពួកគេទៅចាក់ប្រេងនៅតាមស្ថានីយចាក់ប្រេងជាច្រើនកន្លែងនៅស្រុកមឿងមហាសារ៉ាខាម រហូតដល់ស្ថានីយចាក់ប្រេងមួយចំនួនបិទស្លាកប្រកាសថា ប្រេងអស់តាំងពីម៉ោង៩ព្រឹកម៉្លេះ ។ ហេតុនេះ អតិថិជនចង់ចាក់ប្រេង ត្រូវរង់ចាំរហូតដល់ពេលល្ងាច ព្រោះស្ថានីយចាក់ប្រេងនឹងដឹកប្រេងមកបំពេញស្តុកនៅម៉ោង៥ល្ងាច ។
ចំណែកនៅទីក្រុងបាងកក អតិថិជនជាច្រើននាក់បានទៅចាក់ប្រេងនៅតាមស្ថានីយចាក់ប្រេងមួយចំនួនតាំងពីព្រលឹម ។ អតិថិជនទាំងនេះប្រាប់ថា វិធានការបញ្ចុះតម្លៃប្រេង បានជួយសម្រាលបន្ទុកដល់ជីវភាពរស់នៅរបស់ពួកគេច្រើន ហើយពួកគេបានសំណូមពរឱ្យរដ្ឋាភិបាលថៃបញ្ចុះតម្លៃប្រេងបែបនេះរហូតតទៅ។
រីឯភាគីពាក់ព័ន្ធបានលើកឡើងពីវិធានការបញ្ចុះតម្លៃប្រេងសាំង ដោយការកាត់បន្ថយពន្ធប្រេងសាំងថា វានឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់រដ្ឋាភិបាលប្រមាណ៩០០លានបាតក្នុង១ខែ ។ ការបញ្ចុះតម្លៃប្រេងលើកនេះនឹងមានរយៈពេល៣ខែ ហើយប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាលនឹងបាត់បង់ប្រមាណ២ពាន់៧រយលានបាត ៕ ប្រភព ៖ ThaiPBS North