ក្នុងឱកាសគម្រប់ខួប ២០ឆ្នាំនៃ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កញ្ញា គុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានតុបតែងខ្លួនជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរដ៏ស្រស់ស្អាតទាក់ភ្នែក។ ទន្ទឹមនឹងនេះកញ្ញា គុយ អេនណា បានបង្ហាញអារម្មណ៍មោទនភាពយ៉ាងខ្លាំង ដែលមានឱកាសគ្រងឈុតរបាំបុរាណខ្មែរនេះ។
«របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនៅថ្ងៃទី ៧ វិច្ឆិកា ២០០៣ គិតមកទល់ថ្ងៃទី ៧ វិច្ឆិកា ២០២៣ វាមានរយៈពេល២០ឆ្នាំហើយដែល«របាំព្រះរាជទ្រព្យ»ខ្មែរយើងក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរនេះ មានភាពល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។ក្នុងឱកាសដ៏អស្ចារ្យនេះកញ្ញា គុន អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានបង្ហោះរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមបង្ហាញអារម្មណ៍ដោយមានមោទនភាពក្រៃលែងដែលខ្លួននាងបានសម្តែងជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរ បង្ហាញពីប្រវត្តិដ៏យូរលុងនៃការសម្តែងអំឡុង ១០០ ឆ្នាំមុនដ៏គួរឱ្យស្ញប់ស្ញែង។
ជាមួយគ្នានេះ គុយ អេនណា បានបំផុសចលនាក្នុងការថែរក្សាសម្បត្តិវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃនេះបានថា «កិច្ចការពារ បេតិកភណ្ឌវប្បធម៌ជាភារកិច្ចកូនខ្មែរគ្រប់រូប»។
គួរបញ្ជាក់ថា ការតុបតែងខ្លួនជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែររបស់ គុយ អេនណា ក៏មានសាស្រ្តាចារ្យប្រឹក្សាយោបល់ផងដែរគឺលោកជំទាវសាស្រ្តាចារ្យ ឱម យុវណ្ឌី ៕