ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលើកឡើងថា លោកមិនត្រូវការឱ្យមានទំនាស់គ្នានោះទេ ជុំវិញការផ្តល់ប្រាក់ចំនួន១ម៉ឺនបាតដល់ពលរដ្ឋថៃ ។ លោកបន្តថា ការផ្តល់ប្រាក់ឌីជីថលនឹងមានភាពច្បាស់លាស់ ហើយមិនយូរជាងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទេ គឺមុនពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ APEC នៅសហរដ្ឋអាមេរិក ។ ដូច្នេះ សូមឱ្យពលរដ្ឋទាំងអស់ស្តាប់លោកតែម្នាក់ប៉ុណ្ណោះ និងកុំសួរទៅខាងរដ្ឋមន្ត្រី ឬទីប្រឹក្សាផ្សេងទៀត ។
លើសពីនេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីប្រទេសថៃបានលើកឡើងពីករណីសារព័ត៌មានថៃមួយចំនួនចុះផ្សាយរិះគន់លោកផងដែរ ដោយលោកលើកឡើងថា លោកមិនចង់ឱ្យបញ្ហាកាន់តែធំនោះទេ ហើយសូមកុំផ្តល់ភាពសំខាន់លើវាខ្លាំងពេក ។ ហេតុនេះ លោកមិនត្រូវការឱ្យកើតទំនាស់ជាមួយគ្នាទេ ។
ចំណែកបញ្ហាពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការផ្តល់ប្រាក់ឌីជីថលចំនួន១ម៉ឺនបាតនោះ លោកនាយករដ្ឋមន្ត្រីថៃលើកឡើងថា នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានកិច្ចប្រជុំផ្ទៃក្នុង បន្ទាប់មក នឹងមានការជូនដំណឹងឱ្យជ្រាបថា នឹងបង្កើតក្រុមគណៈកម្មការនៅពេលណា ។ លោកសង្ឃឹមថា ការងារទាំងអស់នឹងបញ្ចប់រួចរាល់នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ហើយសូមពលរដ្ឋទាំងអស់កុំសួរទៅខាងរដ្ឋមន្ត្រី ឬទីប្រឹក្សាផ្សេងទៀតពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឱ្យពលរដ្ឋម្នាក់១ម៉ឺនបាត ។
លោកនាយករដ្ឋមន្ត្រីប្រទេសថៃបន្ថែមថា ពលរដ្ឋត្រូវស្តាប់លោកតែម្នាក់ គឺនៅម៉ោង៣រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកត្រូវចូលរួមប្រជុំ ហើយបើការងារទាំងអស់រួចរាល់ គឺអាចនឹងមានការប្រជុំអនុគណៈកម្មការ បន្ទាប់មក ត្រូវប្រជុំគណៈកម្មការបន្តទៀត ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីថៃនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ APEC នៅសាន់ហ្វ្រេនស៊ីស្កូ សហរដ្ឋអាមេរិក ។ ដូច្នេះ លោកចង់ឱ្យការងារទាំងអស់បញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ ប្រភព ៖ 3Plus NEWS