លោក Nawat ដែលជាស្ថាបនិកកម្មវិធីប្រកួតបវរកញ្ញា Miss Grand International បានចាត់វិធានការយ៉ាងធ្ងន់ធ្ងរ ដោយហាមប្រាម MJ Lastimosa ជា Miss Universe Philippines 2014 មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Miss Grand International បន្តទៀត។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីអតីតបវរកញ្ញារូបនេះបានបង្ហោះវីដេអូមួយដោយបាននិយាយលេងសើចទាក់ទងនឹងកម្មវិធី របស់លោកជាមួយ Miss Grand Philippines។ភាពចម្រូងចម្រាស់នៃវិស័យបវរកញ្ញាបានសាយភាពពេញបណ្តាញសង្គមនៅពេលដែល MJ Lastimosa បានធ្វើវីដេអូ vlog ដោយបានចោទសួរទៅកាន់ភ្ញៀវកិត្តិយសរបស់នាងគឺ Maki Gingoyon ដោយសុំឱ្យកំណត់អត្តសញ្ញាណកម្មវិធីប្រកួតសម្រស់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសហ្វីលីពីន។ ភ្ញៀវកិត្តិយសរូបនេះបានជ្រើសរើស Miss Grand Philippines ព្រោះតែជាបេក្ខភាពមិនសូវអំណោយផលក្នុងចំណោមបវរកញ្ញាក្នុងប្រទេស ពេលចូលរួមប្រកួតMiss Grand International ។ ការលើកឡើងនេះបានបង្កឱ្យមានការខឹងសម្បារពីលោក ណាវ៉ាត់ យ៉ាងខ្លាំងរហូតដល់ស្ថាបនិករូបនេះប្រកាសផ្តាច់ទំនាក់ទំនងធ្វើជាមនុស្សមិនធ្លាប់ស្គាល់គ្នាជាមួយ MJ ចាប់ពីពេលនេះតទៅ។
ឧប្បត្តិហេតុនេះកើតឡើងពីការខកចិត្តពីមុនរបស់លោក ណាវ៉ាត់ ជាមួយ Miss Grand Philippines 2023 គឺកញ្ញា Nikki De Moura ដែលបានចាកចេញភ្លាមៗ បន្ទាប់ពីបរាជ័យក្នុងការទទួលបានតំណែងក្នុងបេក្ខនារីកំពូលទាំង២០ (TOP20) តាមដែលខ្លួនចង់បាន។
ការខកចិត្តរបស់មេ Miss Grand International នេះកាន់តែកើនឡើងនៅពេលដែល MJ Lastimosa ដែលធ្លាប់ចូលរួមកម្មវិធី MGI និងភ្ញៀវកិត្តិយសរបស់នាងបាននិយាយសើចចំអកឱ្យកម្មវិធីប្រកួត Miss Grand នៅក្នុង vlog របស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏តឹងរ៉ឹងមួយរបស់ លោក ណាវ៉ាត់ បានរិះគន់ MJ Lastimosa ថា «គ្មានចំណេះដឹង និងគ្មានគំនិត»។ លោកបញ្ជាក់ថា សកម្មភាពនិងការបញ្ចេញមតិរបស់នាងធ្លាក់ចុះក្រោមស្ដង់ដាររបស់រាជនីសម្រស់ដែលជាហេតុធ្វើឱ្យមានភាពចម្រូងចម្រាស់កាន់តែខ្លាំងជុំវិញរឿងនេះ។
«កុំមក Miss Grand ទៀតអី យើងមិនស្គាល់គ្នាចាប់ពីពេលនេះទៅ។ ខ្ញុំមិនចង់ជួបមនុស្សដូចអ្នកទេ វាស្ថិតនៅក្រោមស្តង់ដារ វាមិនស្មោះត្រង់ទេ»។ នេះជាសម្តីរបស់លោក ណាវ៉ាត់ អំឡុងពេល Live លើ TitTok ដោយនិយាយទៅកាន់ Miss Universe Philippines 2014 ។ ការប្រកាសបញ្ចប់ទំនាក់ទំនងនិងហាមប្រាមរបស់លោក ណាវ៉ាត់ មិនឱ្យ MJ Lastimosa ចូលកម្មវីធីរបស់លោកទៀតនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសហគមន៍កម្មវិធីប្រកួតសម្រស់ ខណៈ MJ Lastimosa មិនបានចេញសេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងការប្រតិកម្មរបស់លោក ណាវ៉ាត់ ឡើយ៕