បរទេស៖ សារមន្ទីរបុរាណវិទ្យានៃ Catalonia ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ បានរៀបចំដំណើរទេសចរណ៍រយៈពេល ៩០ នាទីដែលក្នុងនោះអ្នកទស្សនាការតាំងពិពណ៌ត្រូវបានអនុញ្ញាតឱ្យដោះសំលៀកបំពាក់របស់ពួកគេចេញ។
យោងតាមគេហទំព័រ CNN ដែលបានចុះផ្សាយនៅថ្ងៃទី៣០ ខែតុលាថា ការតាំងពិព័រណ៍នេះមានចំណងជើងថា Bronzes of Riace ដែលពណ៌នាអំពីរូបសំណាកសំរឹទ្ធក្រិកដ៏ធំពីរនៃអ្នកចម្បាំងអាក្រាតកាយពីសតវត្សទី ៥ មុនគ.ស នឹងត្រូវបានរកឃើញនៅឆ្នាំ ១៩៧២ ហើយអ្នកចម្បាំងនោះត្រូវបានគេស្គាល់ជាទូទៅថា Riace Warriors ដោយព្រឹត្តិការណ៍នេះមានការគាំទ្រពីក្លឹប Catalan Naturists ។
ដូច្នេះភ្ញៀវទេសចរដែលមកទស្សនាការតាំងពិព័រណ៍នេះគឺតម្រូវឱ្យដោះសំលៀកបំពាក់របស់ពួកគេចេញ ចំណែកឯជាមគ្គុទ្ទេសក៍ទេសចរណ៍នៃការតាំងពិពណ៌នោះគឺលោក Edgard Mestre ក៏ត្រូវដោះសំលៀកបំពាក់ចេញផងដែរ។ លោក Edgard Mestre បាននិយាយថា «យើងចង់ឱ្យវាជាដំណើរកម្សាន្តចម្រុះពណ៌ និងមិនមែនជាដំណើរទេសចរណ៍ដែលមានមគ្គុទ្ទេសក៍ធម្មតានោះទេ។ លោកក៏បានបន្តទៀតថា «យើងចង់ឱ្យអ្នកដែលមកមើលការតាំងពិព័រណ៍នេះមានអារម្មណ៍ថាខ្លួនកំពុងស្ថិតក្នុងហេតុការណ៍ពិតៗ នៃរូបភាពដែលពួកគេកំពុងមើល»។
យោងតាមភ្ញៀវទេសចរម្នាក់ឈ្មោះ Marta វ័យ ៥៩ ឆ្នាំបាននិយាយថា រវាងការស្លៀកពាក់និងមិនស្លៀកសំលៀកបំពាក់នៅពេលមើលការតាំងពិពណ៌គឺពិតជាមានភាពខុសប្លែកគ្នាខ្លាំងណាស់។ ប៉ុន្តែតាមរយៈការតាំងពិពណ៌នេះ Marta យល់កាន់តែច្បាស់ថា គ្មាននរណាម្នាក់ត្រូវខ្មាស់អៀនចំពោះរូបរាងកាយរបស់ពួកគេឡើយ ហើយការអាក្រាតកាយគឺជារឿងដែលជៀសមិនរួចនោះទេ។
គួរបញ្ជាក់ដែរថា សារមន្ទីរបុរាណវិទ្យានៃ Catalonia មានទីតាំងស្ថិតនៅក្នុងឧទ្យាន Montjuïc ដែលជាសួនពណ៌បៃតងរបស់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ សារមន្ទីរនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣២ ដោយរដ្ឋាភិបាលក្នុងតំបន់ បានបង្ហាញស្នាដៃពីសម័យបុរេប្រវត្តិរហូតដល់មជ្ឈិមសម័យស្តីពីប្រវត្តិសាស្ត្រនៃតំបន់កាតាឡាន។
ចំពោះថ្លៃចូលទស្សនាវិញគឺ ៦ ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ រីឯមនុស្សចាស់ដែលមានអាយុលើសពី ៦៥ ឆ្នាំឡើង ឬមនុស្សចូលនិវត្តន៍ និងនិស្សិតត្រូវបានផ្តល់តម្លៃពិសេស ៤ ដុល្លារអាមេរិក និងឥតគិតថ្លៃសម្រាប់អ្នកអត់ការងារធ្វើ ឬអាយុក្រោម ១៦ ឆ្នាំ។ សម្រាប់ម៉ោងបើកទទួលភ្ញៀវវិញគឺបើកចាប់ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ វេលាម៉ោង ៩:៣០ ព្រឹក ដល់ ៧:០០ យប់៕