កាលពីថ្មីៗនេះ មានការផ្ទុះការតវ៉ារបស់អតិថិជន មួយចំនួនរបស់ក្រុមហ៊ុន បុរីពិភពថ្មី ទាក់ទងនឹងការរឹបអូសផ្ទះ ដោយពួកគាត់អស់លទ្ធភាពបង់បន្តទៀត។
នៅក្នុងករណី មានការតវ៉ានេះ ក្រុមហ៊ុន បុរីពិភពថ្មី បានដាក់ការចោទប្រកាន់ទៅលើបុគ្គលពីររូបដែលជាឈ្មួញកណ្តាល គឺឯកឧត្តម ឆាយ យាន និងលោក ហេង តារា។ឯកឧត្តម ឆាយ យាន បានទិញផ្ទះ ២០៣ល្វែង និងលោកហេង តារា បានទិញផ្ទះ៣៩ល្វែង ពីក្រុមហ៊ុន បុរីពិភពថ្មី ដើម្បីធ្វើការយកទៅលក់បន្ត តែបច្ចុប្បន្នដោយសារមានវិបត្តិអចលនទ្រព្យ ពួកគាត់បែរជានាំគ្នាប្រមូលអតិថិជនមួយចំនួនតូច ជួបជុំទាមទារគាបសង្កត់ចង់ផ្យក្រុមហ៊ុនធ្វើតាមអ្វីៗ ដែលពួកគាត់ចង់បាន ខុសពីអ្វីដែលបានចែង ក្នុងកិច្ចសន្យា។
ក្នុងករណីនេះ ក្រុមហ៊ុនបុរីពិភពថ្មី បានលើកឡើងថា៖” បើធ្វើតាមនូវអ្វីៗដែលពួកគាត់ទាមទារ នោះក្រុមហ៊ុននឹងក្ស័យធន”។តែយ៉ាងណាមិញ ក្រុមហ៊ុនក៏នឹងកែប្រែលក្ខខណ្ឌខ្លះ ដើម្បីសម្រាលដល់អតិថិជន ដូចបានដាក់ចេញនូវខាងក្រោម៖
១ -កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ។
២-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ។
៣-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមាន ២ផ្ទះ
(អនុវត្តន៍តកិច្ចសន្យា បានទិញផ្ទះ មុនថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០២២)ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ ហើយយកទៅទូទាត់ជាមួយផ្ទះដែលអតិថិជននៅបង់រំលស់បន្ត ប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ។
ក្រុមហ៊ុនបញ្ចាក់ថា ក្រោយពេលដែលអតិថិជនបានជ្រើសរើស ជម្រេីសទី៣ខាងលើហើយ ក្រុមហ៊ុននឹងមិនទទួល ទិញវិញទៀតទេ៕