ប្រទេសវៀតណាម ៖ បច្ចុប្បន្ននេះ ប្រទេសវៀតណាមបានបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តក្នុងប្រទេសខ្លួន មិនចាញ់ប្រទេសថៃនោះទេ ។ គេសង្កេតឃើញថា គ្រាន់តែរយៈពេល១០ខែនៃឆ្នាំ២០២៣ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេសស្មើរហូតដល់១០លាននាក់ឯណោះ ។ ចំនួននេះខ្ពស់ជាងចំនួនដែលប្រទេសវៀតណាមបានដាក់គោលដៅទៅទៀត ។
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិទូទៅនៅវៀតណាមបង្ហាញថា ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ (គឺចាប់តាំងពីខែមករា រហូតដល់ខែតុលា) មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្សាន្តនៅប្រទេសវៀតណាម ចំនួន១០លាននាក់ ។ ដូច្នេះ ចំនួននេះខ្ពស់ជាងចំនួនដែលប្រទេសវៀតណាមបានដាក់គោលដៅទៅទៀត ។ ប្រទេសវៀតណាមបានដាក់គោលដៅចំនួនភ្ញៀវទេសចរបរទេសសរុបរបស់ឆ្នាំ២០២៣ គឺស្មើនឹង៨លាននាក់ ប៉ុន្តែរយៈពេលត្រឹមតែ១០ខែប៉ុណ្ណោះ មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកវៀតណាមរហូតដល់១០លាននាក់ ហើយវាខ្ពស់ជាងវៀតណាមរំពឹងទុករហូតដល់២៥% ។
ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាម ស្មើនឹង១០លាននាក់នាពេលនេះ គឺមិនទាន់រួមបញ្ចូលចំនួនភ្ញៀវទេសចរបរទេសដែលបម្រុងធ្វើដំណើរមកវៀតណាមបន្ថែមទៀត នៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ ទេ ។ នៅចុងឆ្នាំ២០២៣ គឺជារដូវកាលភ្ញៀវទេសចរបរទេសធ្វើដំណើរកម្សាន្តច្រើននៅតាមប្រទេសនានា ។ ចំណែកនៅខែតុលា ឆ្នាំ២០២៣ គឺជាខែទី៤ បន្តបន្ទាប់គ្នា ដែលមានភ្ញៀវទេសចរបរទេសធ្វើដំណើរមកវៀតណាម លើសពីចំនួន១លាននាក់ក្នុង១ខែ ។
ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកប្រទេសវៀតណាមច្រើនបំផុត គឺមកពីប្រទេសកូរ៉េខាងត្បូង ស្មើនឹង២៩សែននាក់ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ។ បន្ទាប់មក គឺភ្ញៀវទេសចរចិន ។ ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍នឹងប្រទេសវៀតណាម ដោយសារមានតំបន់ទេសចរណ៍ពេញនិយមជាច្រើនកន្លែង បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះវៀតណាមមានតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ខណៈការចាយវាយផ្សេងៗ ក៏ធូរថ្លៃដែរ ។ ហេតុនេះ វាធ្វើឱ្យវៀតណាមក្លាយជាគូប្រជែងដ៏សំខាន់របស់ប្រទេសថៃសម្រាប់វិស័យទេសចរណ៍ ៕ ប្រភព ៖ nation tv










