ថ្មីៗនេះ លីវ ជីលី Miss supranational Cambodia 2023 បានចេញមកលាតត្រដាងថារូបនាងបានចំណាយទឹកប្រាក់ដោយខ្លួនឯងចំនួន៣ម៉ឺនដុល្លារសម្រាប់ការតំណាងឱ្យប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិលើទឹកដីប្រទេសប៉ូឡូញ។ លីវ ជីលី ក៏បានចេញមកបញ្ជាក់ថាការចំណាយលុយខ្លួនឯងនេះដោយសារតែលោក អ៊ិន សុភិន គ្មានលុយសម្រាប់ជួយនាងឡើយ។

អ្នកតាមដានវិស័យបវរកញ្ញាមួយចំនួនជ្រាបមកហើយថា លីវ ជីលី ធ្លាប់បានតំណាងប្រទេសកម្ពុជាចំនួន២ដងប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធីពីរផ្សេងគ្នា។ អ្នកមួយចំនួនក៏បានដឹងដែរថាសម្រាប់ការប្រកួតនីមួយៗគឺបវរកញ្ញាខ្លួនឯងផ្ទាល់ត្រូវចំណាយលុយដោយខ្លួនឯង ចំណែកអ្នកគ្រប់គ្រងខ្លះក៏បានជួយបវរកញ្ញាខ្លួនពោលគឺអាស្រ័យទៅលើកម្មវិធីបវរកញ្ញានីមួយៗ តែយ៉ាងណាសម្រាប់បវរកញ្ញានៅតែចេញលុយពីហោបៅខ្លួនឯងជៀសមិនផុត។
ជាក់ស្តែងថ្មីៗនេះ លីវ ជីលី បានចេញមកនិយាយថានាងគឺជាបវរកញ្ញាម្នាក់ដែលកម្សត់ ខណៈបានរៀបរាប់យ៉ាងច្រើនជូនអ្នកគាំទ្រសម្រាប់ដំណើរនៃការចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ លីវ ជីលី ក៏បានទម្លាយថានាងបានចំណាយសរុបទាំងអស់ក្នុងពេលប្រកួត Miss supranational 2023 ចំនួន៣ម៉ឺនដុល្លារ។ លីវ ជីលី បានរៀបរាប់ថាក្នុងឆ្នាំ២០២៣ នាងមានការងារជាច្រើនប៉ុន្តែការចេញទៅប្រកួតហើយការចំណាយទឹកប្រាក់ដ៏ច្រើននេះលោក អ៊ិន សុភិន ពុំបានជួយនោះទេដោយសារតែគ្មានលុយ។ 
មុនពេលចេញទៅប្រកួត លីវ ជីលី ថាបានចំណាយទឹកប្រាក់១០០០ដុល្លារសម្រាប់ការធ្វើកម្មវិធីសម្បុរធម៌ ការថតក្បាច់គុនល្បុក្កតោសម្រាប់ដាក់ទៅប្រកួត និងការថតរូបផ្សេងៗសម្រាប់បោះឆ្នោត។ បន្ថែមពីលើនេះការចំណាយគឺទៅលើសំបុត្រយន្តហោះ សំលៀកបំពាក់ ដែលជារួមគឺត្រូវចំណាយលុយទាំងអស់ប្រសិនជាក្រុមហ៊ុនពុំបានជួយ៕










