សហអាមេរិក៖ ក្រុមហ៊ុន Meta បានចាប់ផ្តើមគិតលុយចំនួន ១៣ ដុល្លារអាមេរិកក្នុងមួយខែសម្រាប់បណ្តាញសង្គម Facebook និង Instagram នៅក្នុងទីផ្សារអឺរ៉ុបប្រសិនបើអ្នកប្រើប្រាស់មិនចង់ឃើញការផ្សាយពាណិជ្ជកម្ម។
យោងតាមគេហទំព័រ Meta ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣០ ខែតុលាកន្លងទៅថា ក្រុមហ៊ុននឹងចាប់ផ្តើមអនុវត្តគិតលុយតែក្នុងទីផ្សារអឺរ៉ុបប៉ុណ្ណោះ សម្រាប់អ្នកដែលមិនចង់ឃើញការផ្សាយពាណិជ្ជកម្មនៅក្នុងបណ្ដាញសង្គម Facebook និង Instagram ។ ដូច្នេះ អ្នកប្រើប្រាស់នៅក្នុងតំបន់នេះអាចបង់ប្រាក់ចំនួន ១៣ ដុល្លារក្នុងមួយខែ នៅលើកម្មវិធី iOS និង Android ចាប់ពីខែវិច្ឆិកានេះតទៅ ដើម្បីជៀសវាងការមើលឃើញការផ្សាយពាណិជ្ជកម្ម។
សម្រាប់អ្នកដែលមានគណនីច្រើន Meta បាននិយាយថាការជាវនឹងគាំទ្ររាល់គណនីទាំងអស់ដែលភ្ជាប់ជាមួយអ្នកប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលគណនី។ ទោះយ៉ាងណាក៏ដោយនៅខែមីនាឆ្នាំក្រោយក្រុមហ៊ុននឹងប្រមូលប្រាក់បន្ថែមចំនួន ៦-៨ ដុល្លារអាមេរិកសម្រាប់គណនីថ្មីនីមួយៗ។
ការផ្លាស់ប្តូរនេះគឺជាលើកទីមួយហើយដែល Meta បានគិតថ្លៃ សេវាអ្នកប្រើប្រាស់ Facebook និង Instagram ដោយ Meta បាននិយាយថាការធ្វើបែបនេះគឺដើម្បីបំពេញតាមបទប្បញ្ញត្តិអឺរ៉ុបស្តីពីការការពារទិន្នន័យ។
គួររំលឹកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ Meta ត្រូវបានចោទប្រកាន់ដោយអាជ្ញាធរការពារទិន្នន័យអៀរឡង់ពីបទបំពានច្បាប់ការពារទិន្នន័យទូទៅ (GDPR) និងពិន័យជាប្រាក់ចំនួន ៤១២ លានដុល្លារអាមេរិក។ ដូច្នេះ ក្រុមហ៊ុនរបស់ Mark Zuckerberg នឹងត្រូវបានបង្ខំឱ្យអនុវត្តតាម ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់សម្រេចចិត្តយ៉ាងសកម្មថាតើត្រូវអនុញ្ញាតឱ្យវេទិការបស់ពួកគេមានការផ្សាយពាណិជ្ជកម្ម ឬក៏គ្មាន។
ប្រសិនបើអ្នកប្រើប្រាស់សម្រេចចិត្តឱ្យវេទិការបស់ពួកគេមានការផ្សាយពាណិជ្ជកម្មធម្មតានោះ Meta មិនគិតលុយអ្វីទេ មានន័យថាអ្នកអាចប្រើបណ្ដាញសង្គមដោយឥតគិតថ្លៃ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់សម្រេចចិត្តឱ្យវេទិការបស់ពួកគេមិនមានការផ្សាយពាណិជ្ជកម្មនៅក្នុងបណ្តាញ នោះក្រុមហ៊ុន Meta នឹងគិតលុយចំនួន ១៣ ដុល្លារអាមេរិកក្នុងមួយខែ។
ទោះជាយ៉ាងណាក៏ដោយ Meta មិនបាននិយាយថាតើគោលនយោបាយនេះនឹងត្រូវបានពង្រីកទៅទីផ្សារផ្សេងទៀតឬអត់ទេ ដោយក្រុមហ៊ុននៅតែគាំទ្រការផ្សាយពាណិជ្ជកម្មឥតគិតថ្លៃរបស់ខ្លួន៕










