តើជឿឬទេថា ៩៥% នៃផ្លែល្ពៅត្រូវបានគេបោះបង់ចោលក្រោយបញ្ចប់ពិធីបុណ្យ Halloween ។ កាកសំណល់ល្ពៅបានបញ្ចេញឧស្ម័នមេតាន រួចហើយបង្កើតជាឧស្ម័នផ្ទះកញ្ចក់ ដែលមានឥទ្ធិពលដល់ការឡើងកំដៅផែនដី ច្រើនជាងឧស្ម័នកាបូនឌីអុកស៊ីត រហូតដល់២០ដង ។ ជារៀងរាល់ឆ្នាំ ក្រោយបញ្ចប់ពិធីបុណ្យ Halloween ផលប៉ះពាល់បរិស្ថានបានកើតឡើងជាបន្តបន្ទាប់ និងបណ្តាលឱ្យមានផលប៉ះពាល់ដល់ពិភពលោកទៀតផង ដែលមនុស្សភាគច្រើននឹកស្មានពុំដល់ ។
យោងតាមទិន្នន័យរបស់ World Economic Forum បង្ហាញថា ៩៥% នៃផ្លែល្ពៅជាង១០លានផ្លែដែលដាំដុះនៅប្រទេសអង់គ្លេស ត្រូវបានគេយកទៅតុបតែងលម្អនៅតាមទីកន្លែងផ្សេងៗ បន្ទាប់មក គេក៏បោះវាចោលក្រោយបញ្ចប់ពិធីបុណ្យ Halloween ។ បរិមាណផ្លែល្ពៅដែលគេបោះចោលនៅប្រទេសអង់គ្លេស ស្មើនឹងទម្ងន់១៨.០០០តោន ។
ចំណែកនៅសហរដ្ឋអាមេរិក ក៏ប្រឈមនឹងបញ្ហាកាកសំណល់ផ្លែល្ពៅក្រោយបញ្ចប់ពិធីបុណ្យ Halloween ដូចគ្នាដែរ ។ អាមេរិកបានដាំផ្លែល្ពៅចំនួន៩សែនតោនក្នុង១ឆ្នាំ ហើយគេបានយកទៅបោះចោលក្នុងធុងសំរាម ជំនួសការយកវាទៅធ្វើជាម្ហូបអាហារ ឬធ្វើជីកសិកម្ម ។ ដូច្នេះ កាកសំណល់ផ្លែល្ពៅទាំងនេះមានចំណែកធ្វើឱ្យកាកសំណល់អាហារនៅលើពិភពលោក មានបរិមាណរហូតដល់១.៣០០លានតោនក្នុង១ឆ្នាំ ។
ក្រសួងថាមពលអាមេរិកលើកឡើងថា ផ្លែល្ពៅដែលគេយកទៅកប់ចោលនោះ វាបានបង្កទៅជាឧស្ម័នមេតាន រួចហើយបង្កើតជាឧស្ម័នផ្ទះកញ្ចក់ ដែលមានឥទ្ធិពលដល់ការឡើងកំដៅផែនដី ច្រើនជាងឧស្ម័នកាបូនឌីអុកស៊ីត រហូតដល់២០ដង ។ លើសពីនេះ វានឹងធ្វើឱ្យផែនដីកាន់តែឡើងកំដៅថែមទៀតនៅថ្ងៃអនាគត ។
ប៉ុន្តែនៅរដ្ឋអ៊ីលីណយរបស់អាមេរិក មានអង្គការមួយមិនស្វែងរកប្រាក់ចំណេញ ឈ្មោះថា Scarce បានបង្កើតទីតាំងទទួលយកផ្លែល្ពៅដែលគេមិនត្រូវការ ក្រោយពិធីបុណ្យ Halloween ដើម្បីយកមកធ្វើជីកសិកម្ម ។ អង្គការនេះបានប្រមូលផ្លែល្ពៅតាំងពីឆ្នាំ២០១៤ មកម៉្លេះ ដោយបង្កើតទីតាំងចំនួន៣១កន្លែងនៅទូទាំងរដ្ឋអ៊ីលីណយ ក្នុងនោះមាន ព្រះវិហារ, សាលារៀន, បណ្ណាល័យ និងសួនសាធារណៈ ។ កាលពីឆ្នាំ២០១៦ ពួកគេបានប្រមូលផ្លែល្ពៅក្រោយពិធីបុណ្យ Halloween រហូតដល់៥៦តោន ។
អ្នកស្រាវជ្រាវនិយាយថា ក្រោយបញ្ចប់ពិធីបុណ្យ Halloween ប្រទេសទាំងឡាយគួរយកផ្លែល្ពៅមកធ្វើជាប្រយោជន៍ ជាជាងការបោះវាចោលឱ្យក្លាយជាកាកសំណល់អាហារ (Food Waste) ។ ចំណែកនៅប្រទេសកម្ពុជាវិញ ផ្លែល្ពៅអាចយកធ្វើជាបង្អែម និងម្ហូបអាហារជាច្រើនមុខ ព្រោះក្រៅពីវាមានរសជាតិឆ្ងាញ់ហើយ វាក៏ផ្តល់ប្រយោជន៍ដល់សុខភាព មិនចាញ់បន្លែ និងផ្លែឈើផ្សេងទៀតទេ ៕ ប្រភព ៖ Nation










