សាយ៉បំពងរបស់វៀតណាមស្ថិតក្នុងមុខម្ហូបឆ្ងាញ់បំផុតទាំង ១០ នៅលើពិភពលោក នេះបើយោងតាមគេហទំព័រ Taste Atlas ដែលបានរាយការណ៍កាលពីថ្ងៃទី ២៨ ខែតុលាកន្លងទៅ។
យោងតាមគេហទំព័រនេះបានឱ្យដឹងថា ក្នុងចំណោមមុខម្ហូបល្បីៗចំនួន ១០០ មានតែ ១០ មុខតែប៉ុណ្ណោះដែលជាប់ជាមុខម្ហូបឆ្ងាញ់បំផុតរបស់ពិភពលោក។ នេះបើយោងតាមបញ្ជីបោះឆ្នោតដែលផ្អែកលើការពិនិត្យពីអ្នកជំនាញផ្នែកធ្វើម្ហូបជិត ៣៤០,០០០ នាក់និងអ្នកទទួលទានអាហារជាមួយនឹងលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសមុខម្ហូបដែលមានរសជាតិប្លែក និងពេញនិយម។
ក្នុងនោះសាយ៉បំពងរបស់វៀតណាមបានស្ថិតក្នុងចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមមុខម្ហូបកំពូលទាំង ១០ ដែលឈានដល់ ៤.៤ លើមាត្រដ្ឋាន ៥។ សាយ៉បំពងនេះ ត្រូវបានធ្វើឡើងដោយសាច់ជ្រូក រួមជាមួយនំបញ្ចុក និងបង្គារមូរក្នុងស្រទាប់ រួចចៀនយ៉ាងក្រៀមក្នុងខ្ទះប្រេង បង្កើតបានជាម្ហូបពណ៌មាស ជាមួយនឹងស្រទាប់ខាងក្រៅស្តើង ស្រួយ ស្រាល និងបំពេញដោយបន្លែក្រអូប អំពិលទុំ ផ្សិតត្រចៀកឈើជាដើម។
ដូច្នេះមុខម្ហូបឆ្ងាញ់បំផុតទាំង ១០ នៅលើពិភពលោករួមមានៈ
– Campur pilaf របស់ឥណ្ឌូណេស៊ីស្ថិតក្នុងចំណាត់ថ្នាក់ទី១
-Nigiri sushi ជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់ទី២
-Pad Thai របស់ថៃ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៣
-Sashimi kaisendon ជប៉ុន ស្ថិតក្នុងចំណាត់ថ្នាក់ទី ៤
-Yangzhou របស់ចិន ស្ថិតក្នុងចំណាត់ថ្នាក់ទី ៥
-Char kway teow សិង្ហបុរី ស្ថិតក្នុងចំណាត់ថ្នាក់ទី ៦
-Paella របស់អេស្ប៉ាញ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៧
-សាយ៉បំពងវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទី ៨
-Arroz de marisco ព័រទុយហ្គាល់ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៩
-និង Tom Kha Gai របស់ថៃស្ថិតក្នុងចំណាត់ថ្នាក់ទី ១០
គួរបញ្ជាក់ដែរថា Taste Atlas គឺជាគេហទំព័រផ្សព្វផ្សាយមុខម្ហូបឆ្ងាញ់ៗនៃគោលដៅនានាជុំវិញពិភពលោក ដោយតភ្ជាប់ជាមួយភោជនីយដ្ឋានផ្សេងៗចំនួន ៩,០០០ ណែនាំមុខម្ហូបជាង ១០,០០០ ដល់អ្នកអាន និងការពិនិត្យ រួមទាំងការស្រាវជ្រាវរាប់ពាន់ពីអ្នកជំនាញផ្នែកធ្វើម្ហូប និងមេចុងភៅ៕










