កោះខ្មោច ជាតំបន់ទេសចរណ៍មួយនៅជាយដែននៃស្រុកគីរីសាគរ ដែលស្ថិតនៅក្នុងចំណោមប្រជុំកោះសរុបចំនួន២៣ផ្សេងទៀត លើដែនដីខេត្តកោះកុង។កោះនេះ ត្រូវបានអ្នកភូមិនិយាយតៗគ្នាមកថា ពុំធ្លាប់មានមនុស្សរស់នៅទាល់តែសោះ ទើបគេដាក់ឈ្មោះកោះនេះថា កោះខ្មោច។

ភ្ញៀវទេសចរដែលចង់ធ្វើដំណើរទៅកាន់កោះនេះ គួរណាស់តែចេញដំណើរពីកោះស្តេចមក ព្រោះពីកោះស្តេចមកកាន់កោះខ្មោចនេះ មានចម្ងាយមិនឆ្ងាយពីគ្នានោះទេ។ពេលទៅដល់កោះនេះ ភ្ញៀវទេសចរណ៍នឹងបានឃើញរូបសំណាកមួយឈ្មោះថា “នាងបិសាចក្រមុំ” ដែលមានទឹកមុខញញឹម នៅក្រោមដើមឈើធំមួយប្របនឹងមាត់ឆ្នេរនោះ។

ដោយសារតែពុំធ្លាប់មានមនុស្សរស់នៅ បានធ្វើឱ្យធម្មជាតិនៅលើកោះនេះ ហាក់មានភាពស្រស់ស្អាតខ្លាំង ដោយមានទឹកសមុទ្រថ្លាឈ្វង់ មើលឃើញដល់បាត។សម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅទីនោះ គួរតែសាកសួរពីសហគមន៍ដែលមាននៅទីនោះ ដើម្បីឱ្យពួកគាត់ជូនមកគេងសម្រាកបោះតង់ ឬស្ទួចត្រីនៅលើកោះមួយនេះ៕