ក្រោយពីការផ្ទុះខ្លាំង នៅលើបណ្តាញសង្គមហ្វេកប៊ុកទាក់ទងនឹងបុរសម្នាក់ យកដំបងវាយទៅលើកូនឈ្លូសរហូតដល់បាត់បង់ជីវិត នៅលើឆ្នេរសមុទ្រមួយ នៃខេត្តកោះកុង ពេលនេះអភិបាលខេត្តកោះកុង បានប្រកាសផ្តល់រង្វាន់៤លានរៀល ទៅសាធារណជនណា ដែលប្រាប់ពីផ្តល់អត្តសញ្ញាណជនបង្កនោះ។
នៅលើហ្វេកប៊ុកផ្លូវការរបស់អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានរៀបរាប់ថា៖”#សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា: ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។#ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។#អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ”។
សូមបញ្ជាក់ថា អស់រយៈពេល៤-៥ថ្ងៃហើយ អជ្ញាធរស្រុកគិរីសាគរ នៅតែមិនអាចកំណត់អត្តសញ្ញាណជនសង្ស័យដែលបានវាយសម្លាប់សត្វឈ្លូសបាននៅឡើយនោះទេ ដោយដឹងត្រឹមថាបុរសនោះជាភ្ញៀវទេសចរមកកម្សាន្ត មិនមែនជាអ្នកស្រុករស់នៅទីនោះទេ នេះបើយោងតាមការសាកសួររបស់អជ្ញាធរស្រុកគិរីសាគរ ទៅលើពលរដ្ឋដែលឃើញហេតុការណ៍ និងអ្នកនៅតំបន់នោះ៕











