ស្របពេលពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែបដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ កាន់តែកៀកជិតមកដល់រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំដល់មន្ទីរទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ ដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង ខេត្តកែប ត្រូវបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។
ការចុះណែនាំនេះក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និង ភាពកក់ក្ដៅ។
សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍មានដូចខាងក្រោម៖
១). ផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពស្អាត ពិសេសចំពោះសេវាកម្មមួយចំនួនដែលតម្រូវឱ្យមានការ យកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពដូចជា៖ ការដឹកជញ្ជូន កីឡាទេសចរណ៍ និងសកម្មភាព ទេសចរណ៍មានលក្ខណៈផ្សងព្រេងជាដើម។
២). ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរ ដែលមកទទួលយកសេវាកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវអំពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានបំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការចតយានយន្តដោយគ្មាន សណ្តាប់ធ្នាប់ និងបង្កឱ្យប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។
៣). ផ្នែកខាងក្រៅអាជីវកម្ម ត្រូវមានរៀបចំដាក់តុបតែងភ្លើងលម្អ និងដាក់បង្ហាញទង់ជាតិន ព្រះរាជាណាចក្រកម្ពុជា។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទាំង ៣ព្រះអង្គ ស្របតាមការណែនាំរបស់ក្រសួង ព្រះបរមរាជវាំង និងក្រសួងទេសចរណ៍។
៤). ត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្តដោយមិនប្រាសចាកពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។
៥). ត្រូវដាក់បង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួនជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋាន ពិចារណាជ្រើសរើសដោយភ្ញៀវ។ ត្រូវរក្សាតម្លៃនៃអាជីវកម្ម ឬសេវាកម្មឱ្យបានសមរម្យ និង ត្រូវរក្សាគុណភាព បរិមាណផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អថែមទៀត។
៦). ត្រូវក្រើនរំលឹក និងបណ្ដុះបណ្តាលបុគ្គលិកអំពីបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ និង ត្រូវរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ និងគួរជាឯកសណ្ឋាន ដែលបង្ហាញអំពីវប្បធម៌ខ្មែរ ឬលក្ខណៈពិសេសរបស់ខេត្ត ឬតំបន់។
៧). ត្រូវយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ ដោយត្រូវលាងសម្អាតជាប្រចាំ និងឱ្យបាន ញឹកញាប់ ដែលយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ មានការបែងចែករវាងបង្គន់អនាម័យ ប្រុស និងស្រី និងមានដាក់សាប៊ូលាងដៃ (សាប៊ូទឹក)។
៨). ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ជាពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវក្នុងពេលតែមួយ និងមិនត្រូវទទួលភ្ញៀវលើសពី ចំណុះជាដាច់ខាត។
៩). ជំរុញ និងលើកទឹកចិត្តអាជីវកម្មទេសចរណ៍ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពី “អាជីវកម្ម ទេសចរណ៍ឆ្នើមក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា២០២៣” ស្របតាមទស្សនទាន IBEST៕











