កាលពីដើមពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ សម្តេចតេជោមានប្រសាសន៍ថា៖”មានករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ១ ៤០០ករណីក្នុងឆ្នាំ២០២២ ដែលកើនឡើង៣០០ករណីធៀបនឹងឆ្នាំ២០២១។ ករណីភាគច្រើនដែលត្រូវបានរាយការណ៍គឺពាក់ព័ន្ធនឹងបុរសស្រឡាញ់ភេទដូចគ្នា”។

សម្តេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖”កម្ពុជាយើងគ្មានការរើសអើងចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជាទេ ហើយច្បាប់យើងក៏មិនមានហាមប្រាមមិនឱ្យស្រលាញ់ភេទដូចគ្នានោះដែរ តែក៏មិនមានច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានោះទេ”។

សូមបញ្ជាក់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បានចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយមិនគិតពីឋានៈសង្គមផ្សេងគ្នា ហើយ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕