ការបោះបង់ចោលកូនជាអនីតិជនដែលស្ថិត នៅក្រោមអាណាព្យាបាលរបស់ខ្លួននោះគឺជាទង្វើល្មើសច្បាប់ ដោយយោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖” មាតាបិតាមានកាតព្វកិច្ចថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ”។
ការបោះបង់អនីតិជន គឺជាបទល្មើសមជ្ឈិម ដែលយោងតាមមាត្រា ៣២១នៃក្រមព្រហ្មទណ្ឌ បានកំណត់យ៉ាងច្បាស់ថា “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ២.០០០.០០០រៀល ទៅ១០.០០០.០០០រៀល ប្រសិនបើអំពើបោះបង់នោះបណ្ដាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ” ។
លើសពីនេះទៅទៀត អំពើបោះបង់អនីតិជន គឺជាអំពើខុសច្បាប់ និងធ្វើឱ្យសង្គមយើងកើនឡើងនូវក្មេងអនាថា ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ហើយអាចឱ្យពួកគេងាយរងគ្រោះពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងវាយធ្វើបាប ជាដើម៕











