ហ្វីលីពីន៖ ប៉ូលីសហ្វីលីពីនបានចាប់ខ្លួនក្រុមពេស្យាចារ និងអ្នកក្លែងបន្លំតាមអ៊ីនធឺណែតក្នុងទីក្រុងម៉ានីលចំនួនជិត ៦០០ នាក់ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរមនុស្ស។
យោងតាមគណៈកម្មាធិការប្រឆាំងឧក្រិដ្ឋកម្មដែលរៀបចំដោយប្រធានាធិបតីហ្វីលីពីន (PAOCC) បានប្រកាសកាលពីថ្ងៃទី ២៨ ខែតុលា អំពីការស្វែងរកកន្លែងមួយដែលត្រូវបានគេសង្ស័យថាជាកន្លែងជួញដូរមនុស្ស និងការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងតំបន់ទីប្រជុំជននៃរដ្ឋធានីម៉ានីល ដោយកាលពីយប់មុន ពលរដ្ឋហ្វីលីពីន និងជនបរទេសចំនួន ៧៣១ នាក់ត្រូវបានរកឃើញនៅទីនេះផងដែរ ក្នុងនោះមានពលរដ្ឋវៀតណាម កូរ៉េ និងចិន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Crispin Remulla បាននិយាយថា បច្ចុប្បន្នទីភ្នាក់ងារស៊ើបអង្កេតបានឃុំខ្លួនមនុស្សចំនួន ៥៩៨ នាក់ ដើម្បីសាកសួរ និងកំណត់អត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាជនសង្ស័យបន្ថែមទៀត។ មន្ត្រីហ្វីលីពីនក៏បានស្នើឱ្យស្ថានទូតចិននៅទីក្រុងម៉ានីលជួយកំណត់អត្តសញ្ញាណបុគ្គលចំនួន ៩ នាក់ ដែលសង្ស័យថាជាក្រុមប្រតិបត្តិករខុសច្បាប់ដែលក្លែងបន្លំជាក្រុមហ៊ុនហ្គេមអនឡាញ។
យោងតាម PAOCC ក៏បាននិយាយដែរថា ពួកគេបានរកឃើញជនជាតិចិនយ៉ាងហោចណាស់ពីរនាក់ដែលមានដាននៃការធ្វើទារុណកម្មលើរាងកាយរបស់ពួកគេ។ មនុស្សទាំងនេះបាននិយាយថា ពួកគេត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការប្រហែល ១៥ ម៉ោងក្នុងមួយថ្ងៃ។ ជនរងគ្រោះទាំងនោះក៏បានបន្តទៀតថា ពួកគាត់ត្រូវបានគេចាប់ពង្រត់ទៅកាន់ក្រុមហ៊ុនល្បែងអនឡាញមួយក្នុងប្រទេសហ្វីលីពីន បន្ទាប់មកលក់ក្នុងតម្លៃ ៥០០,០០០ ប៉េសូ (ប្រមាណជាង ៨,៧០០ ដុល្លារអាមេរិក)។
គួរបញ្ជាក់ដែរថា កាលពីខែមិថុនាកន្លងទៅ ប៉ូលីសហ្វីលីពីនបានរកឃើញមនុស្សជាង ២,៧០០ នាក់ដែលកំពុងធ្វើការនៅក្នុងគ្រឹះស្ថានបោកប្រាស់ជាច្រើនក្នុងទីក្រុងម៉ានីល រួមទាំងជនរងគ្រោះនៃការជួញដូរមនុស្សជាច្រើននាក់ផងដែរ៕










