ប្រទេសចិន ៖ ចំនួនការនាំចេញផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងរបស់ចិនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងអំឡុងពេល៣ត្រីមាសដំបូងនៅឆ្នាំ២០២៣ ។ ចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ការនាំចេញផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងចិនបានកើនឡើង៤៧,២៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។
ក្នុងឋានៈចិនជាប្រទេស១ ក្នុងចំណោម៣ប្រទេសដែលបានផលិតគ្រឿងសម្អាង ទីក្រុង Huzhou ខេត្ត Zhejiang មានតម្លៃការនាំចេញគ្រឿងសម្អាងកើនឡើង២២០,៥% បើធៀបនឹងរយៈពេល៩ខែដំបូងរបស់ឆ្នាំ២០២២ ។ រីឯឧស្សាហកម្មគ្រឿងសម្អាងនៅទូទាំងពិភពលោក កំពុងប្រឈមនឹងបញ្ហា ដូចជា ការចំណាយដើមទុនកើនឡើង និងតម្រូវការលើទីផ្សារប្រែប្រួលនៅឆ្នាំ២០២៣ ប៉ុន្តែទីក្រុង Huzhou បានព្យាយាមប្រើប្រាស់ចំណុចខ្លាំងនៃខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីស្វែងរកទីផ្សារថ្មីនៅក្រៅប្រទេស ។
Li Xudong នាយករងទូទៅរបស់ក្រុមហ៊ុនគ្រឿងសម្អាងនៅទីក្រុង Huzhou លើកឡើងថា ក្រុមហ៊ុនបានរៀបចំរចនាសម្ព័ន្ធផលិតផលរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្រៅប្រទេស ក្នុងនោះមានផលិតផលថែរក្សាស្បែក គ្រឿងសម្អាង និងទឹកអប់ ។
Liu Wenjian នាយកក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងឧបករណ៍សម្អាតលំនៅឋាននិយាយថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងវាយលុកទីផ្សារអាស៊ាន ហើយក្រុមហ៊ុនបានប្រើប្រាស់យុទ្ធសាស្ត្រស្វែងរកវត្ថុធាតុដើមក្នុងស្រុក ដើម្បីសន្សំសំចៃការចំណាយដើមទុន ។ ចំណែកការគាំទ្រវិស័យនាំចេញ ទីក្រុង Huzhou បានបង្កើតក្រុមការងារពិសេសសម្រាប់ត្រួតពិនិត្យការអនុវត្តគោលនយោបាយពាណិជ្ជកម្ម និងពន្ធក្រៅប្រទេស ។
Xie Yuequan នាយករងការិយាល័យពន្ធប្រចាំស្រុក Wuxing និយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការកែលម្អដំណើរការដកប្រាក់ពន្ធនាំចេញ និងសេវាកម្មនាំចេញបានជួយបង្កើនប្រសិទ្ធភាពដំណើរការដកប្រាក់ពន្ធនាំចេញដល់ក្រុមហ៊ុនផ្សេងៗបានយ៉ាងច្រើន ៕ ប្រភព ៖ China face










