តើអ្វីទៅជាបុណ្យហាឡូវីន (Halloween)? ហេតុអ្វីបានជាមនុស្សមួយចំនួនជុំវិញពិភពលោកតែងតែប្រារព្ធពិធីនេះ? ហាឡូវីន គឺជាពិធីបុណ្យខ្មោចរបស់សាសនាគ្រឹស្ត ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា។ អត្ថន័យរបស់ពិធីបុណ្យហាឡូវីន គឺដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ក៏ដូចជាការពារពពួកខ្មោច។ ដូច្នេះ អ្នកដែលមានជំនឿនេះ ពួកគេតែងលម្អផ្ទះសម្បែងជាមួយនឹងពន្លឺភ្លើងពណ៌ និងរូបតំណាងខ្មោចមានដូចជាគោមខ្មោច សម្លៀកបំពាក់ និងការតុបតែងមុខខ្មោចជាដើម។
តាមពិតទៅប្រភពដើមនៃបុណ្យ Halloween បានចាប់កំណើតតាំងពីជាង ២០០០ ឆ្នាំមុនមកម្លេះ បុណ្យនេះផ្តើមចេញពីពិធីបុណ្យមួយឈ្មោះថា Samhain របស់បុព្វបុរស Celtic ដែលជាក្រុមជនជាតិរស់នៅកំឡុង ២០០០ ឆ្នាំមុននៅលើទឹកដីប្រទេសអៀរឡង់ក្នុងចក្រភពអង់គ្លេសសព្វថ្ងៃ។ តាមប្រពៃណីរបស់ជនជាតិ Celts ពួកគេតែងតែប្រារព្ធបុណ្យចូលឆ្នាំថ្មីរបស់ពួកគេនៅថ្ងៃទី ១ ខែវិច្ឆិកា ព្រោះពេលវេលានេះត្រូវបានចាត់ទុកថា ជាថ្ងៃចុងបញ្ចប់នៃរដូវក្តៅ និងការប្រមូលផល ហើយក៏ជាការចាប់ផ្តើមរដូវរងារដ៏ត្រជាក់ដែលពោពេញដោយភាពងងឹតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ពួកគេជឿថានៅយប់មុនថ្ងៃចូលឆ្នាំថ្មី គឺជាការខិតជិតចូលគ្នារវាងភពងងឹត និងភពមនុស្ស ដែលវាជាថ្ងៃអនុញ្ញាតឱ្យព្រលឹងទាំងឡាយអាចចូលមកក្នុងពិភពមនុស្សបានយ៉ាងងាយ។ ដូច្នេះហើយទើបនៅយប់ថ្ងៃទី ៣១ ខែតុលា មុនថ្ងៃចូលឆ្នាំមួយថ្ងៃ ពួកជនជាតិ Celtic តែងតែបានប្រារព្ធពិធីមួយ ដែលពួកគេនឹងទុកអាហារនិងស្រាមួយចំនួននៅខាងមុខផ្ទះ ដើម្បីការពារមិនឱ្យព្រលឹងខ្មោចទាំងនោះ ចូលទៅរកអាហារនៅក្នុងផ្ទះពួកគេ។ ជាងនេះទៅទៀត បើសិនជាពួកគេត្រូវចេញក្រៅផ្ទះនៅយប់ទី៣១ តុលា ពួកគេត្រូវតែពាក់ម៉ាសមុខ ឬតុបតែងដូចខ្មោចដើម្បីប្រឡំខ្លួនជាមួយព្រលឹងខ្មោចដទៃជៀសវាងគ្រោះមហន្តរាយដល់ខ្លួន។
ចុះហេតុអ្វីបានជាបុណ្យ Samhian (សាំហេន) ប្រែទៅជា Halloween (ហាលូវីន) ទៅវិញ?
នៅស.វ ទី៨ ឥទ្ធិពលនៃគ្រីស្ទសាសនាពីប្រទេសអង់គ្លេស និងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត បានរីករាលដាលចូលទៅក្នុងទឹកដីរបស់ក្រុម Celtic ប្រទេសអៀរឡង់។ ហើយបុណ្យ Samhain របស់ក្រុមជនជាតិ Celtic គឺត្រូវនឹងថ្ងៃតែមួយនៃបុណ្យរបស់សាសនាគ្រីស្ទដែលមានឈ្មោះថា All Hallows ឬ All Hallowmas ដែលបុណ្យនេះប្រារព្ធឡើងដើម្បីរំលឹកខួប និងគោរពដល់ពួកបុព្វបុរសបរិសុទ្ធនៃគ្រីស្ទសាសនា។ ព្រោះតែគ្រីស្ទសាសនាមានប្រជាប្រិយភាពខ្លាំងនៅទ្វីបអ៊ឺរ៉ុប បានធ្វើឱ្យមានការច្របាច់ចូលគ្នារវាងបុណ្យ Samhain និង All Hallowmas បន្ទាប់មកក៏បានក្លាយឈ្មោះជា Halloween ដូចសព្វថ្ងៃ៕










